(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃសុក្រនេះ បានសម្រេចចិត្តបន្តការអនុវត្តការដំឡើងពន្ធ លើផលិផលបំពង់ទីបដែក ដែលមានតម្លៃទាបជាងទីផ្សារអន្តរជាតិ នាំចូលពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នេះបើតាមក្រសួងពាណិជ្ជកម្មចិន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា ការដំឡើងពន្ធលើបំពង់ទីបដែកដែលទីក្រុងប៉េកាំងជឿជាក់ថា មានតម្លៃទាបជាងទីផ្សារអន្តរជាតិ នឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រនេះតែម្ដង ជាមួយអត្រាដំឡើងពន្ធចន្លោះ ៥៧.៩ភាគរយ និង ១៤៧.៦ភាគរយលើបណ្ដាក្រុមហ៊ុនអាមេរិក និងសហភាពអឺរ៉ុបមួយចំនួន។
គួរបញ្ជាក់ថា ចិនដែលជាអ្នកផលិតដែក និងជាអតិថិជនដ៏ធំបំផុតមួយនៅលើពិភពលោក ធ្លាប់បាន ដំឡើងពន្ធលើបំពង់ទីបដែកនាំចូលពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចន្លោះពី ១៣-១៤.១ភាគរយ ម្ដងរួចមកហើយកាលពីឆ្នាំ២០១៤។ ប៉ុន្តែការដំឡើងពន្ធនេះ បានផុតកំណត់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ហើយការបន្តដំឡើងពន្ធថ្មីនេះ ធ្វើឡើងតាមសំណើពីបណ្ដាក្រុមហ៊ុន ផលិតបំពង់ទីបដែកចិននៅក្នុងស្រុក៕