(តាជីគីស្ថាន)៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសតាជីគីស្ថាន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិខ្លះៗនៃប្រទេសនេះជំរាបជូនដូចតទៅ៖
តាជីគីស្ថានមានឈ្មោះផ្លូវការថា សាធារណរដ្ឋតាជីគីស្ថាន គឺជាប្រទេសមួយសម្បូរភ្នំ និងគ្មានព្រំដែនជាប់សមុទ្រ ហើយស្ថិតនៅក្នុងតំបន់អាស៊ីកណ្ដាល។ ប្រទេសមួយនេះមានព្រំប្រទល់គោក ជាប់នឹងប្រទេស អ៊ូបេគីស្ថាន ចិន អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និង Kyrgyzstan។
* សាធារណរដ្ឋតាជីគីស្ថាន
* ប្រធានាធិបតី គឺលោក Emomali Rahmon
* រដ្ឋធានី Dushanbe
* ប្រជាជនមានចំនួន ៩លាននាក់ (ឆ្នាំ២០១៨)
* ផ្ទៃដីសរុប ១៤៣,១០០គីឡូម៉ែត្រក្រឡា
* ភាសាសំខាន់ៗមាន តាជី អ៊ូបេ និងរុស្ស៊ី
* ឥស្លាម ជាសាសនាមានអ្នកប្រតិបត្តិតាមភាគច្រើន
* អាត្រាសង្ឃឹមរស់ជាមធ្យម បុរសមានអាយុ៦៨ឆ្នាំ និងស្ត្រី ៧៤ឆ្នាំ
* រូបិយវត្ថុ Tajik somoni
* ជាសមាជិកអង្គការសហប្រជាជាតិ និងធនាគារពិភពលោក
* ប្រវត្តិសាស្ត្រសំខាន់ៗរបស់តាជីគីស្ថាន
* ស.វទី១៣ ស្ដេចម៉ុងហ្គោល Genghis Khan បានវាយគ្រប់គ្រងតាជីគីស្ថាន និងតំបន់សេសសល់មួយចំនួននៅក្នុងតំបន់អាស៊ីកណ្ដាល ដាក់ក្រោមការគ្រប់គ្រងរបស់ម៉ុងហ្គោល
* ១៨៦០ ដល់១៩០០ តាជីគីស្ថានត្រូវបានពុះចែកជា២ គឺភាគខាងជើងគ្រប់គ្រងដោយស្ដេចត្សាររុស្ស៊ី រីឯភាគខាងត្បូង ត្រូវគ្រប់គ្រងដោយអតីតរដ្ឋឈ្មោះ Emirate of Bukhara។
* ១៩២១ តាជីគីស្ថានភាគខាងជើង បានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀតស្វ័យត Turkestan (Autonomous Soviet Socialist Republic) ឬ (ASSR) ហើយសាធារណរដ្ឋនេះក៏មានរួមបញ្ចូលផងដែរ ប្រទេសអ៊ូបេគីស្ថាន, Kyrgyzstan, ផ្នែកភាគខាងជើងនៃប្រទេស Turkmenistan និងផែ្នកខាងត្បូង នៃប្រទេស Kazakhstan។ រហូតដល់ឆ្នាំ១៩២៩ ទើប ASSR បានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀត ដោយផ្ដាច់ខ្លួនចេញពីអ៊ូបេគីស្ថាន។
* ១៩៩១ អតីតសហភាពសូវៀត បានប្រកាសប្រគល់ឯករាជ្យឱ្យតាជីគីស្ថាន។ រីឯលោក Rahmon Nabiyev ជាមេដឹកនាំកុម្មុយនីស្ដម្នាក់ ទទួលបានជ័យជម្នះនៅក្នុងការ បោះឆ្នោតប្រធានាធិបតីតាជីគីស្ថាន ដោយផ្ទាល់ដំបូងគេបំផុត ដោយទទួលសំឡេងគាំទ្រ៥៧ភាគរយ នៃសំឡេងឆ្នោតសរុប។ ប៉ុន្តែនៅឆ្នាំ១៩៩២ បាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានប្រែក្លាយទៅជាសង្រ្គាមស៊ីវិលអូសបន្លាយរយៈពេលដល់ទៅ៥ឆ្នាំ ទើបបញ្ចប់។
* សេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រទេសតាជីគីស្ថាន គឺពឹងផ្អែកជាសំខាន់ការនាំចេញអាលុយមីញ៉ូម និងកប្បាស ខណៈវិស័យ កសិកម្មក៏ជាប្រភពចំណូលមួយដ៏សំខាន់សម្រាប់ប្រទេស អាស៊ីកណ្ដាលមួយនេះដែរ។ ចំណែកឯផលិតផលក្នុង ស្រុកសរុប GDP មាន៨.៥០៨ពាន់លានដុល្លារ (ឆ្នាំ២០១៣) ហើយប្រជាជនម្នាក់អាចរកបានប្រាក់ចំណូល ២,២០០ដុល្លារក្នុងមួយឆ្នាំ។ ដៃគូពាណិជ្ជកម្មធំៗរបស់តាជីគីស្ថាន គឺតួកគី ស្វីស ចិន រុស្ស៊ី និងអ៉ីតាលីជាដើម៕
សូមជម្រាបផងដែរថា ក្រោយពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានហោះទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។
នៅក្នុងសន្នសីទកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា «អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA»។
ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនដែលអញ្ជើញមកពីប្រទេសសមាជិកផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា CICA គឺជាវេទិកាពហុភាគីដែលមានវត្ថុបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួន ក្នុងវិស័យមួយចំនួនដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងពិភពលោក ទាំងមូល។ បច្ចុប្បន្នសន្និសីទនេះ មានសមាជិកអចិន្ត្រៃយ៍ចំនួន ២៦ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១៕