(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអរគុណនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) យ៉ាងជ្រៀលជ្រៅ សម្រាប់ការដាក់ឈ្មោះតំបន់អាណានិគមថ្មីមួយនៅលើទឹកដី ហ្គោឡេន (Golan) ដោយយកតាមឈ្មោះរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «អរគុណដល់ នាយករដ្ឋមន្ត្រី Netanyahu និងរដ្ឋអ៊ីស្រាអែល សម្រាប់ការផ្ដល់កិត្តិយសដ៏ធំធេងនេះ»។ ការបង្ហោះសាររបស់លោក ត្រាំ កើតមានឡើងក្រោយលោក Netanyahu នៅក្នុងពិធីសម្ពោធមួយកាលពីថ្ងៃអាទិត្យ បានដាក់ឈ្មោះតំបន់អាណានិគមថ្មីរបស់ខ្លួនថា «Trump Heights» ជាការអរគុណដល់ប្រធានាធិបតីអាមេរិករូបនេះ ដែលបានទទួលស្គាល់តំបន់ Golan Heights ជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។ ប៉ុន្តែទន្ទឹមគ្នាក្រុមអ្នករិះគន់បានចាត់ទុកថា ការប្រកាសរបស់លោក Netanyahu និងការសម្រេចចិត្តរបស់លោក ត្រាំ គឺជាទង្វើខុសច្បាប់។
គួរបញ្ជាក់ថា Golan Heights គឺជាតំបន់មួយដែលអ៊ីស្រាអែល បានរឹបអូសពីស៊ីរី នៅអំឡុងសង្រ្គាម ០៦ថ្ងៃក្នុងតំបន់មជ្ឈិមបូព៌ាកាលពីឆ្នាំ១៩៦៧។ រីឯសហរដ្ឋអាមេរិក កាលពីខែមីនាកន្លងទៅ បានក្លាយជាប្រទេសដំបូងគេបំផុត ដែលទទួលស្គាល់តំបន់នេះជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ចាប់តាំងពីទីក្រុងតែលអាវីវ បញ្ចូលតំបន់នេះទៅក្នុងឧបសម្ព័ន្ធនៃទឹកដីរបស់ខ្លួនកាលពីឆ្នាំ១៩៨១។
តំបន់ Golan Heights មានចំងាយតែ ៦០គីឡូម៉ែត្រប៉ុណ្ណោះពីភាគនិរតីរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី និងមានផ្ទៃដីទំហំ ១,០០០គីឡូម៉ែត្រក្រឡា៕