(ម៉ូស្គូ)៖ គេហទំព័រព័ត៌មានអាមេរិក The Daily Beast បានឱ្យដឹងថា ពីឡុតបើកយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines គឺមានបំណងធ្វើឱ្យយន្ដហោះនេះធ្លាក់ ដើម្បីសម្លាប់ខ្លួនឯងដោយសារមានជំងឺបាក់ទឹកចិត្ត ឬ depression បន្ទាប់ពីបែកបាក់ជាមួយភរិយា។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។
The Daily Beast ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា ពីឡុតដែលបញ្ជាការ ហោះហើរលើ MH370 លោក ហ្សាហារី អាហ៍ម៉េដ ហ្សាហ៍ (Zaharie Ahmad Shah) មានអាយុ ៥៣ឆ្នាំ បានបែកបាក់ជាមួយប្រពន្ធតែមួយរយៈពេលខ្លីប៉ុណ្ណោះ មុននឹងហេតុការណ៍ធ្លាក់យន្ដហោះនេះកើតឡើង។ ចាប់តាំងពីស្នេហាបែកបាក់នេះហើយ ទើបធ្វើឱ្យលោកមានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍ឯកោ។ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេតក៏ធ្លាប់បានច្រានចោលការសន្និដ្ឋានបែបនេះផងដែរ ខណៈលោក Zaharie ត្រូវបានគេចាត់ទុកថា ជាពីឡុតដ៏មានវិជ្ជាជីវៈ និងមានបទពិសោធន៍ខ្ពស់ដែលបានបញ្ជាការហោះហើរ រហូតដល់ ១៨,០០០ម៉ោង។
គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានបាត់ខ្លួនដោយអាថ៌កំបាំង ជាមួយមនុស្សជិះនៅលើយន្ដហោះនេះទាំងអស់ ២៣៩នាក់ ក្នុងដំណើរផ្លូវពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ រហូតមកទល់ពេលនេះ មូលហេតុធ្លាក់ និងទីតាំងធ្លាក់ មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ស្របពេលមានការសន្និដ្ឋានជាច្រើនជាបន្តបន្ទាប់៕