(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានលុបចោលការប្រកាសអាសន្នពីរលកយក្សស៊ូណាមិវិញហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារលើកោះ Honshu កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី១៦.១គីឡូម៉ែត្រ ហើយទន្ទឹម គ្នា ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានប្រកាសពីភាពអាសន្ននៃរលកយក្សស៊ូណាមិ ដែលមានកម្ពស់ ពី០.២ រហូតដល់ ១ម៉ែត្រ នៅតាមតំបន់ឆ្នេរនៃទីប្រជុំកោះ Honshu។ ប៉ុន្តែ រលកមានកម្ពស់តែ ១០សង់ទីម៉ែត្រ ដែលនេះជាមូលហេតុនាំឱ្យអាជ្ញាធរជប៉ុនលុបចោលការប្រកាសអាសន្នពីរលក យក្សស៊ូណាមិ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ កាលពីយប់ថ្ងៃអង្គារ មិនបានបង្កជាការខូចខាត
អ្វីធ្ងន់ធ្ងរនោះទេ តែមានមនុស្ស១៦នាក់រងរបួសស្រាល៕