(វ៉ាស៊ីនតោន)៖ លោក លូ ចៀន (Lu Jian) ដែលជាសាស្រ្តាចារ្យនៅសាលាធុរកិច្ចអន្តរជាតិ នៃសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្នុងទីក្រុង ចឹងទូ (Chengdu) នៃប្រទេសចិន បានលើកឡើងថា ការធ្វើសង្រ្គាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ជាមួយចិនគឺដើម្បីតែ ពង្រឹងសំឡេងគាំទ្ររបស់លោកតែប៉ុណ្ណោះ។
លោក Lu បាននិយាយដូច្នេះថា «បើតាមខ្ញុំគិត ប្រសិនបើលោកប្រធានាធិបតីអាមេរិក សំឡឹងមើលបញ្ហានេះ ដោយប្រើទស្សនៈគិតគូរពីសេដ្ឋកិច្ច នោះទំនាស់ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ប្រហែលជាមិនបានឈានដល់ ដំណាក់កាលដូចបច្ចុប្បន្នឡើយ។ ដូច្នេះខ្ញុំគិតថា លោក ត្រាំ នឹងមិនខ្វាយខ្វល់ពីការយល់ឃើញ របស់បណ្តាម្ចាស់ក្រុមហ៊ុនអាមេរិកនោះទេ លុះត្រាតែមានសម្ពាធនយោបាយ ដែលនឹងបង្ខំឲ្យលោកកែប្រែគោលជំហរខ្លះ ព្រោះថាមកទល់ពេលនេះ មតិរបស់ពួកគេហាក់គ្មានឥទ្ធិពលអ្វីលើលោក ត្រាំ បន្តិចសោះ»។
លោក Lu Jian បានបន្តថា «លោក ដូណាល់ ត្រាំ មានទស្សនៈផ្ទាល់ខ្លួនរបស់លោកព្រោះថា វាជារឿងដ៏សំខាន់មួយសម្រាប់លោក ក្នុងការពង្រឹងសំឡេងគាំទ្រក្នុងចំណោមប្រជាជនអាមេរិក ខណៈអ្នកគាំទ្រលោកភាគច្រើន គឺជាអ្នកមានចំណូលមធ្យម និងទាប ដែលចង់បានការងារធ្វើ នៅលើទឹកដីអាមេរិកផ្ទាល់។ ពួកគេទាំងនោះ មិនគិតអំពីផលវិភាគនាថ្ងៃអនាគតឡើយ។ ក្រៅពីនេះ លោក ត្រាំ ក៏មានការភ័យខ្លាចផ្ទាល់ខ្លួនផងដែរ។ ដោយមិនខ្វល់ថាពិភពលោកនិយាយអ្វីឡើយ តែបើមានសញ្ញាប្រឆាំងពីក្រុមអ្នកគាំទ្ររបស់លោកវិញ វាទំនងជានឹងប៉ះពាល់ដល់ជំនឿរបស់លោក ត្រាំ ដែលថាលោកកំពុងធ្វើអ្វីបានល្អត្រឹមត្រូវ។ អ្វីៗទាំងអស់នេះហើយ គឺជាមូលហេតុនៅពីក្រោយសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន គឺដើម្បីការពារទស្សនៈរបស់លោក ដើម្បីតែអ្នកគាំទ្ររបស់លោក »។
គួរជម្រាបថា ទីភ្នាក់ងារទទួលបន្ទុកនយោបាយពាណិជ្ជកម្មអាមេរិក USTR កំពុងបើកទទួលឲ្យ អ្នកតំណាងនៃក្រុមហ៊ុនអាមេរិក ចូលបញ្ចេញមតិរបស់ពួកគេ ជុំវិញបញ្ហាសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន និងគម្រោងដំឡើងពន្ធលើទំនិញចិន៣០០ពាន់លាន ដុល្លារថែមទៀត ដែលលោក ដូណាល់ ត្រាំ បានគំរាមថានឹងដាក់ចេញ ប្រសិនបើជំនួបនៅកិច្ចប្រជុំកំពូល G20 ជាមួយ ប្រធានា ធិបតីចិន លោក ស៊ី ជិនពីង មិនទទួលបានលទ្ធផលអ្វី។
កន្លងទៅក្រុមហ៊ុនអាមេរិកជាង ៦០០ បានរួមគ្នាផ្ញើលិខិតមួយច្បាប់ទៅកាន់លោក ដូណាល់ ត្រាំ ដើម្បី ស្នើឲ្យរដ្ឋបាលលោកកុំឲ្យបន្តដំឡើងពន្ធលើទំនិញចិន ហើយសម្រេចឲ្យបានកិច្ចព្រមព្រៀងជាមួយគ្នា។ បើតាមទិន្នន័យពាក់ព័ន្ធ ការនាំចូលទំនិញពីបរទេសរបស់អាមេរិកកាលពីឆ្នាំទៅបានបង្ហាញថា សហរដ្ឋអាមេរិកបានទិញទំនិញទំហំ ៦៦.៣ពាន់លានដុល្លារ ដែលពុំមានប្រទេសណាផ្សេង ឬក៏អាមេរិកខ្លួនឯងផ្ទាល់អាចផ្គត់ផ្គង់ជំនួសបានឡើយ។
ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដូចជា Google Intel និង Qualcomm ក៏ត្រូវគេរាយការណ៍ថា កំពុងតែជំទាស់នឹងការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ផងដែរ។ ការដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei នឹងមិនត្រឹមតែកាត់បន្ថយចំណូលរបស់ Huawei ដូចការទទួលស្គាល់របស់បិតាស្ថាបនិក Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) នោះទេ តែវានឹងកាត់បន្ថយចំណូលច្រើនគួរសមរបស់ក្រុមហ៊ុនអាមេរិកដែរ ដែលជាអ្នកផ្គត់ផ្គង់របស់ Huawei៕
ប្រភព៖ សារព័ត៌មាន Sputnik (ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩)