(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានដាក់ទណ្ឌកម្មឬក៏បណ្តេញតួកគី ចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ព្រោះតែរឿងទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ីនោះ តួកគីនឹងចាត់វិធានការសងសឹកវិញ ហើយប្តឹងតវ៉ាឡើងដល់តុលាការអន្តរជាតិថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃព្រហស្បតិ៍នេះ លោក អឺដូហ្គាន់ បាននិយាយដូច្នេះថា «កិច្ចព្រមព្រៀងទិញប្រព័ន្ធ S-400 គឺជារឿងមិនអាចបកក្រោយបានឡើយ ហើយសូមឲ្យទីក្រុងវ៉ាស៊ីនតោនពិចារណាឲ្យល្អិតល្អន់មែនទែន ប្រសិនបើនៅតែចង់ដាក់ទណ្ឌកម្ម»។ លោកប្រធានាធិបតីតួកគី បានបញ្ជាក់ទៀតថា ប្រទេសលោកនឹងតវ៉ាដល់តុលាការអន្តរជាតិ ដើម្បីទាមទារលុយទាំងប៉ុន្មាន ដែលតួកគីបានចំណាយក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះ F-35 យកមកវិញ បើអាមេរិកហ៊ានដកតួកគីចេញពីកម្មវិធីនេះ។
គួរជម្រាបថា កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 រវាងតួកគីនិងរុស្ស៊ី មានទំហំ២.៥ពាន់លានដុល្លារ។ បើតាមលោក អឺដូហ្គាន់ ការប្រគល់ប្រព័ន្ធការពារដែនអាកាសនេះ នឹងអាចធ្វើឡើងឆាប់បំផុតនៅខែកក្កដានេះតែម្តង។ អាមេរិកដែលជាសម្ព័ន្ធមិត្តអង្គការ NATO ជាមួយតួកគី បានប្រឆាំងចំពោះការទិញប្រព័ន្ធមីស៊ីល S-400 ដោយសារទីក្រុងវ៉ាស៊ីនតោនអះអាងថា ប្រព័ន្ធ S-400 អាចបង្កហានិភ័យដល់យន្តហោះចម្បាំងអាមេរិក F-35 ដែលតួកគីកំពុងរកទិញយកទៅប្រើដែរ ជាពិសេសគឺបច្ចេកវិទ្យាបំបាំងកាយរបស់យន្តហោះចម្បាំងដ៏ទំនើបនេះ ដែលមានមុខងារមិនឲ្យរ៉ាដាងាយចាប់បាន)។
យ៉ាងណាមិញ ទីក្រុងអង់ការ៉ា បានទទូចថា ការទិញប្រព័ន្ធ S-400 គឺដើម្បីបំពេញតម្រូវការនៃវិស័យការពារជាតិរបស់ខ្លួន ខណៈប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក គឺមិនត្រូវតាមលក្ខខណ្ឌដែលតួកគីចង់បានឡើយ ហើយប្រព័ន្ធ S-400 នេះ ក៏នឹងមិនបង្កការគំរាមកំហែងដល់យន្តហោះចម្បាំង F-35 នោះដែរ៕