(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple ដែលកំពុងប្រឈមមុខនឹងការលក់ធ្លាក់ចុះ ជាពិសេសក្នុងទីផ្សារ សំខាន់របស់ខ្លួនក្នុងប្រទេសចិននោះ បានចេញមុខព្រមានអំពីបញ្ហាដែលកើតចេញពីការដំឡើងពន្ធ ដោយរដ្ឋាភិបាលអាមេរិក ទៅលើទំនិញនាំចូលពីប្រទេសចិន ដោយក្រុមហ៊ុនយក្សនេះអះអាងថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកួតប្រជែងផលិតផល iPhone នៅលើទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងឯកសារមួយផ្ញើទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រុមហ៊ុន Apple បានធ្វើការគូសបញ្ជាក់ថា គំរោងដំឡើងពន្ធបន្ថែមរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យការប្រកួតប្រជែងរបស់ Apple រងផលប៉ះពាល់ខ្លាំង ព្រមទាំងធ្វើឲ្យការបង់ពន្ធ និងការវិនិយោគ របស់ក្រុមហ៊ុននេះទៅក្នុងសេដ្ឋកិច្ចអាមេរិក មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ។ លិខិតដែល ត្រូវបានផ្ញើទៅកាន់អាជ្ញាធរអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅថ្មីៗនេះ បានលើកឡើង យ៉ាងដូច្នេះថា «Apple គឺជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនបំផុតចំពោះអាមេរិក ហើយក៏ជាអ្នកដែលកំពុងរៀបចំធ្វើការវិនិយោគ ក្នុងទំហំទឹកប្រាក់ ៣៥០ពាន់លានដុល្លារ នៅលើទឹកដីកំណើតនេះក្នុងរយៈពេល ៥ឆ្នាំផងដែរ...»។
លិខិតរបស់ Apple ក៏បានសង្កត់ធ្ងន់ផងដែរថា «ពន្ធរបស់អាមេរិកមកលើផលិតផលរបស់ Apple នឹងធ្វើឲ្យក្រុមហ៊ុនមួយនេះ កាត់បន្ថយការរួមចំណែករបស់ខ្លួន ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិកជាក់ជាមិនខាន...។ ផែនការនេះនឹងធ្វើប៉ះពាល់ខ្លាំងដល់ ការប្រកួតប្រជែងរបស់ Apple នៅលើទីផ្សារ ប៉ុន្តែវានឹងធ្វើឲ្យគូប្រជែងនានាដូចជាចិន កាន់តែងើបខ្លាំងឡើងវិញ...។ ក្រុមហ៊ុនទាំងឡាយរបស់ចិន ដែលជាគូប្រជែងរបស់ Apple មិនមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់ណាមួយ នៅក្នុងទីផ្សារសហរដ្ឋអាមេរិកឡើយ ដូច្នេះពួកគេនឹងមិនរងផលប៉ះពាល់ ដោយសារការដំឡើងពន្ធពីអាមេរិកនោះឡើយ...»។
គួរបញ្ជាក់ថា បានបញ្ជូនលិខិត និងឯកសារនានារបស់ Apple ទៅកាន់រដ្ឋាភិបាលអាមេរិកខាងលើនេះ គឺក្រុមហ៊ុនយក្សនេះចង់បង្ហាញអំពីក្តីកង្វល់ និងការគណនាអំពីផលប៉ះពាល់ដោយផ្ទាល់មកលើ Apple តាមរយៈការគ្រោងដំឡើងពន្ធ ២៥% ដោយរដ្ឋបាលលោក ត្រាំ ទៅលើទំនិញចិនដែលនឹងមានទំហំសរុប ២៥០ពាន់លានដុល្លារ ខណៈលោក ត្រាំ ថែមទាំងបានគំរាមដាក់បន្ថែមពន្ធនាំចូល ៣០០ពាន់លានដុល្លារទៀតលើទំនិញ ចិន បើសិនជាកិច្ចជំនួប ដែលគ្រោងធ្វើឡើងនៅក្នុងកំឡុងកិច្ចប្រជុំកំពូល G20 រវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិកមិនបានលទ្ធផលដែលលោក ត្រាំ ពេញចិត្ត។
Apple បានហៅការដំឡើងពន្ធលើទំនិញចិននោះថា ជាការធ្វើឲ្យក្រុមហ៊ុនបរទេសជាពិសេសចិនទទួលបានផលប្រយោជន៍ ខណៈដែលផលិតផលរបស់ Apple កាន់តែឡើងថ្លៃជាពិសេស iPhone ជំនាន់ថ្មីៗតែម្តង។ បើសិនជាស្ថានការណ៍បែបនេះកើតឡើងមែន តម្លៃរបស់ iPhone ជំនាន់ក្រោយៗនឹងកាន់តែថ្លៃ ហើយអ្នកដែលចង់បាន iPhone នឹងអាចរិះរេចិត្តទៅរក ផលិតផល ក្រុមហ៊ុនផ្សេងៗវិញ។ ដោយឡែកអ្នកដែលមាន iPhone ជំនាន់មុនប្រើស្រាប់ ក៏អាចនឹងពិបាក សម្រេចចិត្តដូរយកស៊េរីថ្មីផងដែរ ព្រោះវាកាន់តែមានតម្លៃថ្លៃហួសសមត្ថភាពពួកគេពេក៕