(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក អាប់ឌែល អាល់ ជូប៊ែរ (Adel al-Jubeir) បាននិយាយថា បើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើង នោះវានឹងបង្កជាគ្រោះមហន្តរាយសម្រាប់ពិភពលោកទាំងមូល។ ប៉ុន្តែទន្ទឹមគ្នា លោកក៏បានឆ្លៀតចោទប្រកាន់ទីក្រុងតេហេរ៉ង់ផងដែរថា ជាមេបង្ករឿងនៅក្នុងតំបន់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
លោក Adel al-Jubeir ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន France 24 កាលពីពេលថ្មីៗនេះ។ លោក al-Jubeir បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់គ្នាកំពុងព្យាយាមទប់ស្កាត់សង្រ្គាមកុំឱ្យផ្ទុះឡើង ព្រោះថា បើមានសង្រ្គាមមែននោះ វានឹងបង្កជាគ្រោះមហន្តរាយដល់មនុស្សគ្រប់គ្នា... ប៉ុន្តែជម្លោះ និងភាពតានតឹងទាំងឡាយ តែងតែបង្កឡើងដោយអ៊ីរ៉ង់។ អ៊ីរ៉ង់បាន វាយប្រហារលើកប៉ាល់ដឹកប្រេងដល់ទៅ ០២លើកនៅក្នុងតំបន់ ហើយជាពិសេសទៅទៀតពួកគេបានផ្ដល់មីស៊ីលដល់បក្ខពួក ដូចជាក្រុមឧទ្ទាមហ៊ូទីនៅយ៉ែមែនជាដើម ដើម្បីប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត»។
គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរតាមយន្ដហោះឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអីឌីត និងអេមីរ៉ាត់អារ៉ាប់រួមហើយ ដើម្បីពិភាក្សាគ្នាពីបង្កើតក្រុមចំរុះអន្តរជាតិមួយប្រឆាំងអ៊ីរ៉ង់ ខណៈទណ្ឌកម្មថ្មីមួយរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងអ៊ីរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទនេះ (ម៉ោងនៅវ៉ាស៊ីនតោន)៕