(ដាកា)៖ អាជ្ញាធរបង់ក្លាដែសបានបញ្ជាក់ឲ្យដឹងថា មនុស្ស០៤នាក់បានស្លាប់ និងជាង១០០នាក់ទៀតរងរបួស (ក្នុងនោះមួយចំនួនរងរបួសធ្ងន់ធ្ងរ) នៅក្នុងករណីរថភ្លើងរអិលចេញពីផ្លូវ និងធ្លាក់ចូលទន្លេ នៅភាគខាងជើង ប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើនេះបានកើតមានឡើងនៅក្នុងស្រុក មួលវីបាហ្សា (Moulvilbazar) ស្ថិតនៅភាគខាងជើងប្រទេសបង់ក្លាដែស ដែលមានចម្ងាយប្រមាណ ២០៣គីឡូម៉ែត្រពីរដ្ឋធានីដាកា កាលពីវេលាម៉ោង ១១៖៥០នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ មន្ត្រីបង់ក្លាដែស បានបញ្ជាក់ថា រថភ្លើងខាងលើនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន យូផាបានអ៊ិចប្រ៊ែស (Upaban Express) ដែលបានចាកចេញពីទីក្រុង ស៊ីលហេត (Sylhet) សំដៅឆ្ពោះទៅកាន់រដ្ឋធានីដាកា ប៉ុន្តែវាបានជួបគ្រោះថ្នាក់ នៅពេលធ្វើដំណើរមកដល់ចំណុចស្រុក Moulvibazar។
គួរបញ្ជាក់ថា មន្ត្រីសង្គ្រោះកំពុងតែស្ថិតនៅហ្នឹងកន្លែងកើតហេតុនៅឡើយ ឈានចូលមកដល់ព្រឹកថ្ងៃចន្ទនេះ ហើយចំនួនមនុស្សស្លាប់ត្រូវបានគេរំពឹងថា នឹងអាចកើនឡើងបន្ថែមទៀត ព្រោះមនុស្សរងរបួសជាច្រើនមានសភាពធ្ងន់ធ្ងរខ្លាំង។ ដោយឡែកមូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕