(ប៉េកាំង)៖ ក្រុមហ៊ុន Huawei នាដើមសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុននឹងបង្កើនការវិនិយោគលើបច្ចេកវិទ្យា 5G ឲ្យកាន់តែខ្លាំងថែមទៀត នៅចំពោះមុខការរាំងខ្ទប់ភាពរីកចម្រើន ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយនៅទីក្រុង វូជិន (Wuzhen) ក្នុងខេត្ត ចេជាំង (Zhejiang) ប្រទេសចិន នាយកតំបន់ម្នាក់របស់ Huawei គឺលោក រីយ៉ាន ទីង (Ryan Ding) បាននិយាយថា ក្រុមហ៊ុន Huawei នឹងបន្តបង្កើនការវិនិយោគលើបច្ចេកវិទ្យា 5G ក៏ដូចជាសហការជាមួយអតិថិជន និងដៃគូនានារបស់ Huawei។ លោក Ding បានបន្ថែមទៀតថា ជាមួយគ្នានេះបញ្ហាសុវត្ថិភាព និងការពារឯកជនភាពគឺជាអាទិភាពចម្បង ហើយ Huawei សូមធានាជូននូវសុវត្ថិភាពនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ Huawei ក្នុងបណ្តាញ 5G របស់ក្រុមហ៊ុនទូរស័ព្ទចល័តនានាទូទាំងពិភពលោក។
គួរជម្រាបថា ក្រុមហ៊ុន Huawei ត្រូវបានអាមេរិកប្រកាសកត់ឈ្មោះចូលក្នុងបញ្ជីខ្មៅកាលពីខែមុន ក្រោមហេតុផលសន្តិសុខជាតិជាមួយការចោទប្រកាន់ថា Huawei មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន ខណៈ Huawei បានបដិសេធម្តងហើយម្តងទៀត។ យ៉ាងណាក៏ដោយបម្រាមរបស់អាមេរិក ហាក់មិនសូវមានប្រសិទ្ធភាពដែលអាចទប់ស្កាត់ ការចែកចាយបណ្តាញ 5G របស់ក្រុមហ៊ុនចិនមួយនេះឡើយ ព្រោះការដាក់ដំណើរការសេវា 5G នៅប្រទេសអឺរ៉ុបមួយចំនួនដូចជា អង់គ្លេស និងអេស្ប៉ាញជាដើម នៅតែមានបច្ចេកវិទ្យារបស់ Huawei បានចូលរួមជ្រោមជ្រែង ខណៈប្រទេសមួយចំនួនទៀតនៅអាស៊ីដូចជា ឥណ្ឌា ម៉ាឡេស៊ី និងហ្វីលីពីនជាដើម សុទ្ធតែត្រៀមបញ្ចេញសេវា 5G ដោយមានកិច្ចសហការជាមួយ Huawei ផងដែរ៕