(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការបន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយអះអាងថាទណ្ឌកម្មមិនអាចឱ្យធ្វើឱ្យខ្លួនឱនក្បាល ឬចុះញម នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។
ប្រតិកម្មខ្លាំងៗខាងលើ ធ្វើឡើងដោយក្រសួងការបរទេសកូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍ មួយចេញផ្សាយនៅថ្ងៃពុធនេះ ខណៈទាំងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ទើបតែអះអាងពី ទំនាក់ទំនងរវាងលោក ត្រាំ និងលោក គីម។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកចង់ប្រើប្រាស់ការដាក់ទណ្ឌកម្ម ដើម្បីដាក់សម្ពាធឱ្យយើងលុតជង្គង់ ឱនក្បាល ចុះញម។ ប៉ុន្តែពួកគេមិនអាចសម្រេចបំណងនេះបានឡើយ ពីព្រោះយើងនឹងប្រើប្រាស់ គ្រប់លទ្ធភាពដើម្បីការពារខ្លួនឯង...ហើយការដាក់ទណ្ឌកម្មមានតែបង្កការស្អប់ខ្ពើមប៉ុណ្ណោះ»។
គួរជម្រាបថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន សេតវិមានបានសម្រេចចិត្តបន្តផ្ដល់សុពលភាពលើ បទបញ្ជាប្រតិបត្តិចំនួន៦ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជុំវិញការអភិវឌ្ឍ មីស៊ីល និងអាវុធនុយក្លេអ៊ែរ៕