(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei នឹងនៅតែបន្តស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ សហរដ្ឋអាមេរិកដដែល បើទោះជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អនុញ្ញាតឱ្យក្រុមហ៊ុនយក្សចិនមួយនេះ ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិកវិញក៏ដោយ ដែលប្រការនេះអាចមានន័យថា គេត្រូវរង់ចាំការសម្រេចចិត្តជាផ្លូវការពីលោក ដូណាល់ ត្រាំ បន្ថែមទៀតសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
នៅក្រោយជំនួបប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកាប្រទេសជប៉ុន កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើល តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Google Qualcomm និង Intel ជាដើមអាចរកស៊ីជាមួយ Huawei ឡើងវិញ។
តែទោះជាយ៉ាងនេះក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៃការិយាល័យសន្តិសុខ និងឧស្សហកម្ម ក្រោមឱវាទក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងថា ក្រុមហ៊ុន Huawei នឹងនៅតែបន្តស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ ទីក្រុងវ៉ាស៊ីនតោនដដែល ខណៈទីភ្នាក់ងារពាក់ព័ន្ធនឹងការងារនេះនឹងឃ្លាំមើល ក៏ដូចជាពិនិត្យ យ៉ាងដិតដល់លើអាជ្ញាប័ណ្ណរបស់បណ្ដាក្រុមហ៊ុនអាមេរិក ដែលមានផែនការលក់ផលិតផលរបស់ ពួកគេឱ្យ Huawei។
គួរបញ្ជាក់ថា ខាងក្រសួងពាណិជ្ជកម្មអាមេរិកមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ទៅនឹងសេចក្ដីរាយការណ៍របស់ Reuters នោះទេ។ ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ បានសម្រេចចិត្តបង្គាប់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្នុងនោះរួមមានទាំង Google បញ្ឈប់ការលក់បរិក្ខាបច្ចេកវិទ្យាឱ្យ Huawei ដោយចោទថា ក្រុមហ៊ុននេះធ្វើការឱ្យរដ្ឋាភិបាលចិន ក្នុងការលួចទិន្នន័យឯកជន និងព័ត៌មានសំងាត់របស់អាមេរិក។ ប៉ុន្តែ Huawei បានច្រានចោលការ ចោទប្រកាន់នេះ និងអះអាងថា ការធ្វើរបស់អាមេរិក គឺស្ថិតក្នុងន័យបង្អាក់ដំណើររីកចំរើនដ៏រហ័សរបស់ Huawei តែប៉ុណ្ណោះ៕