(ហុងកុង)៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់ អាជ្ញាធរទីក្រុងហុងកុង ក្នុងការបើកការស៊ើបអង្កេតជុំវិញសកម្មភាពខុសច្បាប់របស់ក្រុមបាតុករមួយចំនួនដែលបានអុកឡុក និងបំផ្លិចបំផ្លាញសម្ភារៈនៅក្នុងអគារសភាហុងកុង កំឡុងបាតុកម្មតវ៉ា កាលពីថ្ងៃចន្ទ កន្លងទៅ។
អំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករបានផ្ទុះឡើងនៅក្នុងបាតុកម្មតវ៉ាមួយ នាឱកាសនៃការ ប្រារព្ធខួបលើកទី២២ នៃការប្រគល់ក្រុងហុងកុងពីអង់គ្លេសទៅឱ្យចិនគ្រប់គ្រង (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧) កាលពីថ្ងៃចន្ទ។ បាតុកម្មតវ៉ានេះបានបណ្ដាលឱ្យមនុស្សជាច្រើននាក់ រងរបួស ខណៈបាតុករខ្លះបានអុកឡុកចូលក្នុងអគារសភាក្រុងហុងកុង ព្រមទាំងទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែងផងដែរ ដោយសារតែពួកគេនៅតែមានការខឹងសម្បារ ចំពោះច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ ចិនដីគោក។
មិនតែប៉ុណ្ណោះបាតុកម្មតវ៉ានេះទៀតសោត ក៏ធ្វើឱ្យគេនឹកឃើញដល់មហាបាតុកម្ម កាលពីឆ្នាំ ២០១៤ របស់ក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យហៅខ្លួនឯងថា «បដិវត្តន៍ឆ័ត្រ» ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង នៅកាលណោះចោទថា គាំទ្រដោយសហរដ្ឋអាមេរិក។
តើបាតុកម្មទាំងលើកនេះ និងលើកមុន ពិតជាគាំទ្រដោយសហរដ្ឋអាមេរិកមែនដែរទេ?
* អាមេរិកបញ្ចេញសំឡេង និងឥទ្ធិពលតាមរយៈអង្គការក្រៅរដ្ឋាភិបាល
បាតុកម្មតវ៉ាកាលពីថ្ងៃចន្ទកន្លងទៅ ត្រូវបានដឹកនាំដោយក្រុមអង្គការសង្គមស៊ីវិលជាច្រើនដែលទទួលបានជំនួយ និងការគាំទ្រ ពីអង្គការក្រៅរដ្ឋាភិបាលអាមេរិកដ៏ធំមួយឈ្មោះថា National Endowment for Democracy ឬហៅកាត់ (NED)។ NED នេះឯងដែលក្រុមអ្នករិះគន់ អាមេរិកចោទថា មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ក្នុងការប្ដូររបបដឹកនាំនៅបណ្ដាប្រទេសមួយចំនួន ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា ផ្ដាច់ការនិងមិនដើរតាមលិទ្ធិប្រជាធិបតេយ្យស្ដង់ដារលោកខាងលិច។
NED មានបណ្ដាញធំៗរបស់ខ្លួនចំនួន៤ ក្នុងនោះមាន២ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងទីក្រុងហុងកុងនោះគឺអង្គការមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center (SC)) និង វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (National Democratic Institute) (NDI))។ វិទ្យាស្ថាន NDI បានធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងទីក្រុងហុងកុង ចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ពោលគឺនៅក្រោយ ពេលអង់គ្លេសប្រគល់ហុងកុងឱ្យចិនគ្រប់គ្រងវិញ។ រីឯ NED បានផ្ដល់ជំនួយជាហិរញ្ញវត្ថុដល់ ក្រុមអង្គការសង្គមស៊ីវិលជាច្រើនមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេសចិនមួយនេះ (ហុងកុង)។
ជាក់ស្ដែងក្នុងឆ្នាំ២០១៨ NED បានផ្ដល់លុយ ១៥៥,០០០ដុល្លារ ដល់អង្គការ SC និង ២០០,០០០ដុល្លារដល់ NDI ដើម្បីបំពេញបេសកកម្មនៅក្នុង ទីក្រុងហុងកុង។ ប៉ុន្តែគួរឱ្យកត់សម្គាល់ NED ក៏បានផ្ដល់លុយជាង ៩០,០០០ដុល្លារ ឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សហុងកុង (Hong Kong Human Rights Monitor) (HKHRM)) ដែលមិនមែនជាសាខារបស់ខ្លួនឡើយ តែជាដៃគូហើយបើគិតពីចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៣ HKHRM ទទួលបានជំនួយច្រើន ជាង១.៩លានដុល្លារឯណោះពី NED។
គួរបញ្ជាក់ថា តាមរយៈ NDI និង SC ធ្វើឱ្យអង្គការ NED មានទំនាក់ទំនងកាន់តែជិតស្និទជាមួយ បណ្ដាអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ កាន់តែច្រើនឡើងនៅក្នុងទីក្រុងហុងកុង។ NDI បានធ្វើការងារជាមួយអង្គការសង្គមស៊ីវិល ដូចជាសមាគមអ្នកសារព័ត៌មាន ហុងកុង (Hong Kong Journalist Association), Civic Party, គណបក្សពលករ (Labour Party) , គណបក្សប្រជាធិបតេយ្យហុងកុង (Hong Kong Democratic Party), សហព័ន្ធ សហជីពពាណិជ្ជកម្មហុងកុង (Hong Kong Confederation of Trade Unions) ជាដើមដែលសុទ្ធសឹងតែជាអង្គការធំៗធ្វើការងារពាក់ព័ន្ធនឹង ប្រជាធិបតេយ្យ-សិទិ្ធមនុស្ស ក៏ដូចជាទទួលបានការគំាទ្រពី NED៕
ប្រភព៖ សារព័ត៌មានរុស្ស៊ី RT