(ស៊ីដនី)៖ និស្សិតអូស្រ្តាលីអាយុ ២៩ឆ្នាំមួយរូប ដែលបានជាប់ឃុំឃាំងនៅប្រទេសកូរ៉េខាងជើង ត្រូវបានដោះលែងចេញមកវិញហើយ ដោយសុខភាពរបស់បុរសរូបនេះនៅតែល្អធម្មតា។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត ម៉ារីសុន (Scott Morrison ) ទៅកាន់រដ្ឋសភានារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA។
ដំណឹងនៃការដោះលែងនិស្សិតឈ្មោះ អាឡិច ស៊ីកឡេយ៍ (Alek Sigley) បានកើតឡើងជាងមួយសប្តាហ៍បន្ទាប់ពីរូបគេបានបាត់ខ្លួន គ្មានដំណឹងសូន្យឈឹងតែម្តងនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៩។ ហេតុការណ៍នេះបានជំរុញឲ្យមានទំនាក់ទំនង និងកិច្ចចរចារគ្នាយ៉ាងមមាញឹក រវាងអាជ្ញាធរកូរ៉េខាងជើង និងបេសកជនស៊ុយអែតម្នាក់ ដែលបានដើរតួជាអ្នកសម្របសម្រួល។
លោក ម៉ូរីសុន បានថ្លែងយ៉ាងដូច្នេះថា «យើងបានទទួលដំណឹងថា អាជ្ញាធរកូរ៉េខាងជើង (DPRK) បានដោះលែងគាត់ (និស្សិត) ហើយគាត់ក៏បានចាកចេញពីប្រទេសនោះ ដោយសុវត្ថិភាពផងដែរ»។ លោកនាយករដ្ឋមន្ត្រីក៏បានសំដែងការដឹងគុណដល់ ភាគីស៊ុយអែតផងដែរ ដោយលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អាជ្ញាធរស៊ុយអែត ចំពោះការជួយដ៏មានតម្លៃមួយនេះ»។
គួរជម្រាបថា និស្សិត Sigley បានទៅសិក្សាអក្សរសាស្រ្តកូរ៉េនៅសាកលវិទ្យាល័យ គីម អ៊ីលស៊ុង (Kim Il Sung) នៃប្រទេសកូរ៉េខាងជើង។ លោកក៏មានសាខាក្រុមហ៊ុនទេសចរណ៍មួយដែរ នៅកូរ៉េខាងជើង ព្រមទាំងបានសរសេរអត្ថបទស្តីពីទិដ្ឋភាពអាហារពេលល្ងាច នៅទីក្រុងព្យុងយ៉ាង និងបញ្ហាផ្សេងៗទៀតទៅឲ្យសារព័ត៌មាន NK News និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕