(ប៉េកាំង)៖ ក្រសួងការពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ការដំឡើងពន្ធនៅសេសសល់របស់សហរដ្ឋអាមេរិក លើផលិតផលចិនត្រូវតែលុបចោល បើសិនជាអាមេរិកចង់សម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគា្នកាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងការចាប់ផ្ដើមបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ។ លើសពីនេះទៅទៀតលោក ត្រាំ ក៏បានសម្រេចចិត្តមិនដំឡើងពន្ធលើចិន ដែលមានតម្លៃជាង ៣០០ពាន់លានដុល្លារ ព្រមទាំងបន្ធូរបន្ថយការរឹតត្បិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ផងដែរ។
គួរជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិកបានដំឡើងពន្ធ ២៥ភាគរយ ឬស្មើនឹង ២៥០ពាន់ លានដុល្លារលើផលិតផលនាំចូលពីចិន។ ចំណែកឯក្រសួងពាណិជ្ជកម្មចិនក៏បានស្វាគមន៍ ការសម្រេចចិត្តរបស់លោក ត្រាំ ផងដែរតែចិនក៏បានបញ្ជាកជំហរដដែលថា ចិនមិនខ្លាចសង្រ្គាមពាណិជ្ជកម្មឡើយ បើអាមេរិកដំឡើងពន្ធលើចិនជាថ្មី៕