(ហុងកុង)៖ អភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានអញ្ជើញក្រុមនិសិ្សត មកពីតាមបណ្ដាសាកលវិទ្យាល័យនៅក្នុងទីក្រុង ចូលរួមកិច្ចប្រជុំមួយ ខណៈលោកស្រីផ្ទាល់កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យចុះចេញពីតំណែង ដោយក្រុមបាតុករដែលបានចូលរួម ក្នុងបាតុកម្មតវ៉ាកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមសារអេឡិចត្រូនិច អ្នកនាំពាក្យរបស់លោកស្រី Lam បានបញ្ជាក់ទៀតថា នាយកប្រតិបត្តិទីក្រុងហុងកុងរូបនេះបានអញ្ជើញក្រុមនិស្សិតព្រមទាំង យុវជនមកពីគ្រប់និន្ននាការចូលរួមក្នុងកិច្ចប្រជុំមួយ។ ប៉ុន្តែមិនបានឱ្យដឹងពីកាលបរិច្ឆេទឡើយ រីឯក្រុមសម្ព័ន្ធនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (HKUST) ដែលស្ថិត នៅក្នុងចំណោមសាកលវិទ្យាធំៗទាំង ៨ របស់ទីក្រុងហុងកុង បានបដិសេធចូលរួមជំនួបនេះដោយអះអាងថា «វាគ្រាន់តែជាជំនួបបិទទ្វារប៉ុណ្ណោះ»។
ក្រុមសម្ព័ន្ធនិស្សិតដដែលបានសង្កត់ធ្ងន់ដូច្នេះថា «កិច្ចសន្ទនាគួរតែបើកចំហឱ្យប្រជាជន ទីក្រុងហុងកុងទាំងអស់ចូលរួម ហើយក៏អនុញ្ញាតផងដែរឱ្យគ្រប់គ្នាមានសិទ្ធិក្នុងការបញ្ចេញមតិ»។
គួរជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមបាតុករមួយចំនួនបានសម្រុកចូលក្នុងអគារសភា ក្រុងហុងកុង នាឱកាសធ្វើបាតុកកម្មតវ៉ាចំថ្ងៃប្រារព្ធខួបលើកទី ២២ នៃការប្រគល់ទីក្រុង ហុងកុងពីអង់គ្លេសឱ្យចិនគ្រប់គ្រងវិញ (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧)។ បាតុកម្មតវ៉ានេះ បណ្ដាលឱ្យមនុស្សម្នាក់រងរបួស ហើយវាកើតឡើងបន្ទាប់ពីមានបាតុតវ៉ាទ្រង់ទ្រាយធំប្រឆំាង នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកកាលពីខែមិថុនា ដែលក្រោយមកទីក្រុងហុងកុងបានបង្ខំចិត្តផ្អាកនោះ៕