(កាលីហ្វ័រញ៉ា)៖ គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ ដែលបានវាយប្រហារលើតំបន់ភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបង្កឱ្យមានស្នាមប្រេះតូចជាច្រើននៅក្នុងតំបន់ Indian Wells Valley ដែលនេះជាសញ្ញានាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត អំពីអនាគតនៃរដ្ឋកាលីហ្វ័រញ៉ា ខណៈអ្នកជំនាញខ្លះបានព្រមានអំពីគ្រោះរញ្ជួយដី ដែលនឹងបន្តកើតមានឡើងកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។
រូបភាពផ្កាយរណបថតដោយក្រុមហ៊ុន Planet Labs Inc និងត្រូវបានចែករំលែកបន្តដោយ
ប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញពីស្នាមប្រេះ បាននៅទូទាំងតំបន់ទីវាលគ្មានមនុស្សរស់នៅ និងផ្លូវ Highway 178 ស្ថិតនៅជាយទីក្រុងត្រូណា (Trona) នៃតំបន់ សាន់ប៊ឺណាឌីណូ (San Bernardino) ជាដើម។ តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលស្ថិតនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ក៏ត្រូវបានចាត់បញ្ចូលទៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង «Ring of Fire» ផងដែរ ដោយវាមានន័យថា តំបន់ខាងលើនេះជាទីតាំងដែលងាយរងគ្រោះធម្មជាតិអាក្រក់ៗ ដូចជាបន្ទុះភ្នំភ្លើង និងរញ្ជួយដីខ្លាំងជាងគេបំផុត នៅលើភពផែនដី។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារលើតំបន់ស្ថិតនៅចំងាយ ១៩៦គីឡូម៉ែត្រ ពីភាគឦសានទីក្រុងឡូសអាន់ជែលឡែស។ ពុំមានមនុស្សរងគ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះឡើយ ប៉ុន្តែបើតាមការចេញផ្សាយព័ត៌មានកន្លងមក វាបាននិងកំពុងធ្វើឲ្យប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ាកាន់តែច្រើនឡើងៗព្រួយបារម្ភពីអនាគតរបស់ពួកគេ៕