(អាហ្វ្រិកខាងត្បូង)៖ តាមរយៈការដាក់ឲ្យដំណើការប្រព័ន្ធ 5G និងបច្ចេកវិទ្យាដទៃទៀត បណ្ដាក្រុមហ៊ុននៅក្នុងសកលលោកដូចជា Huawei នឹងបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ខណៈរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ទើបតែស្វាគមន៍ការតបណ្តាញ 5G ដោយក្រុមហ៊ុន Huawei ដែលចាំបាច់ក្នុងការជម្រុញ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសអាហ្វ្រិកមួយនេះ។ នេះបើតាមអ្នកជំនាញអាហ្វ្រិកខាងត្បូង លោក អាថឺ ហ្គោលស្តាក់ (Arthur Goldstuck) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
លោក Arthur Goldstuck ដែលជាអ្នកជំនាញមកពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យា World Wide Worx នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «វាគឺជារឿងដ៏សំខាន់ ដែលត្រូវមានក្រុមហ៊ុនដូចជា Huawei ក្នុងការផ្គត់ផ្គង់សេវាកម្មនានានៅប្រទេសអាហ្វ្រិកខាងត្បូង និងទូទាំងទ្វីបអាហ្វ្រិកទាំងមូល ខណៈយើងមិនទាន់មានក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងស្រុកដែលអាច ដំណើរការណ៍សេវកម្មលឿនរហ័ស ប្រកបដោយប្រសិទ្ធិភាព និងថាមពលដូចជា Huawei»។
គួរបញ្ជាក់ថា បើតាមលោក Arthur Goldstuck ក្រុមហ៊ុន Huawei មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាក្រុមហ៊ុននៅក្នុងតំបន់លើវិស័យ ICT ស្របពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងក៏បាន អះអាងពីទំនាក់ទំនងល្អនេះដែរ៕