(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា លោកឧបនាយករដ្ឋមន្ត្រីចិន លីវ ហ៊េ (Liu He) បានជជែកសន្ទនាតាមទូរស័ព្ទជាមួយនឹង អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក រ៉ូប៊ឺត ឡៃធីហ្សឺ (Robert Lighthizer) និងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកលោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) ពាក់ព័ន្ធនឹងកិច្ចចរចាដោះស្រាយវិវាទពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នាព្រឹកថ្ងៃពុធ ទី១០ ខែកក្តដា ឆ្នាំ២០១៩នេះ។
លោក លីវ ហេ ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងក៏ជាប្រធានក្រុមប្រតិភូចិន ដើម្បីចូលរួមកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិនផងដែរនោះ បានជជែកផ្លាស់ប្តូរទស្សនៈគ្នា ជាមួយក្រុមមន្រ្តីអាមេរិកស្តីពីការអនុវត្តន៍លើកិច្ចព្រមព្រៀង ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានរួចគ្នា នៅក្រៅកិច្ចប្រជុំកំពូល G20 នៅក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ចុង សាន (Zhong Shan) ក៏បានចូលរួមក្នុងកិច្ចសន្ទនានេះដែរ។ កិច្ចសន្ទនានេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមន្ត្រីនៃមហាអំណាចសេដ្ឋកិច្ចទាំងពីរ ឈានទៅបង្កើតកិច្ចពិភាក្សាឡើងវិញក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហាផ្នែកពាណិជ្ជកម្ម ជាពិសេសការដំឡើងពន្ធ ដែលបង្កឲ្យប្រទេសទាំងសងខាងរងផលប៉ះពាល់។
ជំនួបកំពុងរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅកំឡុងនៃការចូលរួមកិច្ចប្រជុំកំពូល G20 កាលពីចុងខែមិថុនាកន្លងទៅនេះ សហរដ្ឋអាមេរិកបានយល់ព្រមមិនដំឡើងពន្ធបន្ថែមទៅលើប្រទេសចិនដែលខ្លួនបានគ្រោងដាក់ប្រមាណ ៣០០ពាន់លានដុល្លារ ហើយក្រុមហ៊ុននានារបស់អាមេរិកក៏ត្រូវបានអនុញ្ញាតឲ្យរកស៊ីជាមួយក្រុមហ៊ុនចិន Huawei ឡើងវិញផងដែរ។ ទោះបីជាបែបនេះក្តី Huawei នៅតែស្ថិតក្នុងបញ្ជីខ្មៅដដែល ដូច្នេះកិច្ចពិភាក្សាទៅថ្ងៃមុខ គឺនឹងត្រូវធ្វើការដោះស្រាយបញ្ហា ដែលនៅសេសសល់ជាច្រើនទៀត៕