(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា វេណេស៊ុយអេឡានឹងប្រើប្រាស់បរិក្ខាយោធារុស្ស៊ី នៅកំឡុងការធ្វើសមយុទ្ធយោធាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

ការប្រកាសខាងលើរបស់លោក Sergei Ryabkov កើតមានឡើងនៅចំពេលមានការអះអាង ជាច្រើនថា រុស្ស៊ីមានគម្រោងបង្កើនវត្តមានយោធា នៅក្នុងប្រទេសវេណេស៊ុយអេឡា។ ប៉ុន្តែកាលពីខែមិថុនា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងការ៉ាកាស់បានឱ្យដឹងដែរថា ទីក្រុងម៉ូស្គូកំពុងដកអ្នកជំនាញរបស់ខ្លួន ដែលផ្ដល់ជំនួយបច្ចេកទេសផ្នែកថែទាំបរិក្ខាយោធា ចេញពីវេណេស៊ុយអេឡាហើយ។

គួរបញ្ជាក់ថា បើតាមលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី កងទ័ពវេណេស៊ុយអេឡាគឺប្រើប្រាស់ បរិក្ខាយោធាមួយភាគធំដែលទិញពីរុស្ស៊ី ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើនឹងមានអាវុធប្រភេទណាខ្លះ ត្រូវបង្ហាញខ្លួននៅក្នុងសមយុទ្ធយោធានោះទេ។ ស្ថានការណ៍នៅវេណេស៊ុយអេឡាហាក់ស្ងប់ស្ងាត់បន្តិចហើយ ក្រោយពីរដ្ឋាភិបាល និងបក្សប្រឆាំងព្រមអង្គុយចរចាគ្នា ខណៈអន្តរជាតិរំពឹងចង់បានផលវិជ្ជមាន៕