(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិចិន Air China បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីទិញយន្តហោះ ប្រភេទ A350-900 ចំនួន២០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Airbus ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្រុមហ៊ុន Air China បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងនេះ មានតម្លៃប្រមាណ៦.៥៣៧ពាន់លានដុល្លារអាមេរិក ដោយពឹងលើតម្លៃទីផ្សារបើកចំហរ ដែលបានចុះនៅខែមករា ឆ្នាំ២០១៨។

ដោយឡែក ការប្រគល់យន្តហោះ នឹងធ្វើឡើង ជាដំណាក់កាល ចម្លោះពីឆ្នាំ២០២០ដល់ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងសមត្ថភាពដឹកជញ្ជូន របស់ក្រុមហ៊ុន Air China រហូតដល់៩.៧ភាគរយ។

ក្នុងនាមជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ធំជាងគេបំផុត នៅក្នុងប្រទេសចិន, Air China មានយន្តហោះ ចំនួន៦៦៩គ្រឿង គិតត្រឹមចុងឆ្នាំ២០១៨៕