(សេអ៊ូល)៖ កូរ៉េខាងជើង បានអះអាងថាខ្លួននឹងធ្វើការអភិវឌ្ឍ ក៏ដូចជា បាញ់សាកល្បងអាវុធ ពិសេសនានា ដើម្បីបង្កើនសមត្ថភាពបាញ់កម្ទេចយន្ដហោះចម្បាំង F-35 បើសិនជាកូរ៉េខាងត្បូង នៅតែបន្តដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។
ការព្រមានខាងលើត្រូវបានចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កូរ៉េខាងត្បូងចាប់ផ្ដើមដាក់
ពង្រាយយន្ដហោះចម្បាំង F-35។ KCNA តាមរយៈការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ម្នាក់ បានគូសបញ្ជាក់ដូច្នេះថា៖ « កូរ៉េខាងជើងគ្មានជម្រើសអ្វីផ្សេងនោះទេ ក្រៅតែពីការអភិវឌ្ឍ និងធ្វើតេស្ដបាញ់សាកល្បងអាវុធពិសេសនានា ដើម្បីបង្កើនសមត្ថភាពបាញ់កម្ទេចយន្ដហោះ F-35 បើកូរ៉េខាងត្បូង នៅតែបន្តដាក់ពង្រាយយន្ដហោះចម្បាំងនេះ...»។
លើសពីនេះទៅទៀត KCNA ក៏បានបន្ថែមថាដែរថាការទិញអាវុធរបស់កូរ៉េខាងត្បូង គឺជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ ហើយសកម្មភាពបែបនេះនឹងទទួលបានការឆ្លើយតប ពីទីក្រុងព្យុងយ៉ាង វិញ។
គួរជម្រាបថា កូរ៉េខាងត្បូង កាលពីខែមីនាកន្លងទៅ ទទួលបានយន្ដហោះចម្បាំង F-35A ពីរគ្រឿង ដំបូងពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ខណៈ៨គ្រឿងផ្សេងទៀត ត្រូវបានគេ រំពឹងថានឹងប្រគល់ឱ្យទីក្រុងសេអ៊ូល នៅចុងឆ្នាំ២០១៩នេះ។ កូរ៉េខាងត្បូង បានបញ្ជាទិញ F-35 ៤០គ្រឿង ដែលក្នុងគ្រឿងមានតម្លៃជាង៨៥លានដុល្លារពីសហរដ្ឋអាមេរិក ហើយនឹងទទួលបាន យន្ដហោះចម្បាំងទាំងនេះនៅត្រឹម ឆ្នាំ២០២១៕