(តូក្យូ)៖ ទីបំផុតក្រុមហ៊ុនផលិតផ្ទៃអេក្រង់ទូរស័ព្ទ Japan Display (JDI) របស់ប្រទេសជប៉ុន ដែលបានជួបបញ្ហាលុយកាក់ ចាប់តាំង តែពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានងាកចេញពីការប្រើប្រាស់ផ្ទៃអេក្រង់ប្រភេទ LCD នោះ បានរកច្រកចេញឃើញហើយ តាមរយៈការចរចាស្វែងរកជំនួយហិរញ្ញវត្ថុពីខាងក្រៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសនាថ្ងៃសុក្រនេះ ក្រុមហ៊ុន Japan Display ទើបសម្រេចបានកិច្ចព្រមព្រៀងជាមួយសមាគមក្រុមហ៊ុនមួយ ដែលដឹកនាំដោយក្រុមហ៊ុនវិនិយោគរបស់ចិន Harvest Group ស្តីពីគម្រោងជំនួយហិរញ្ញវត្ថុ ដែលមានទំហំ៧៣៨លានដុល្លារ ដើម្បីយកជួយទប់ទល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផលិតផ្ទៃអេក្រង់ស្មាតហ្វូនជប៉ុនមួយនេះ។

ក្នុងកិច្ចព្រមព្រៀងជំនួយហិរញ្ញវត្ថុនោះ ក្រុមហ៊ុនចិន Harvest នឹងបង្កើនទំហំវិនិយោគដល់៥០០លានដុល្លារ ហើយក្រុមហ៊ុនផ្សេងទៀតរួមមាន ក្រុមហ៊ុនវិនិយោគនៅហុងកុង Oasis Management នឹងផ្តល់ទុនចន្លោះ១៥០-១៨០លានដុល្លារ ។ រីឯក្រុមហ៊ុន Apple ផ្ទាល់ក៏នឹងចូលរួមវិនិយោគប្រហែល១០០លានដុល្លារផងដែរ ដើម្បីជួយដល់ក្រុមហ៊ុន Japan Display ដែលជាដៃគូផ្គត់ផ្គង់ផ្ទៃអេក្រង់ប្រភេទ LCD ដ៏យូរអង្វែងបស់ខ្លួន ខណៈក្រុមហ៊ុនតៃវ៉ាន់ TPK Holding Co Ltd និង CGL Group កាលពីខែមិថុនាកន្លងទៅ បានសម្រេចដកខ្លួនមិនចូលរួមវិញ។

គួរជម្រាបថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ដែលបានងាកចេញពីការបំពាក់អេក្រង់ប្រភេទ LCD ទៅរកប្រភេទ OLED វិញ នៅលើទូរស័ព្ទដៃ iPhone ដ៏ល្បីរបស់ខ្លួន បានបង្កជាបញ្ហាខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុន Japan Display ដែលមានប្រភពចំណូលពឹងផ្អែកលើសពី៥០ភាគរយ ទៅលើ ក្រុមហ៊ុន Apple។ ប៉ុន្តែនាពេលនេះ ក្រុមហ៊ុន Japan Display ហាក់មានដង្ហើម ដើម្បីបន្តប្រតិបត្តិការវិញហើយ តាមរយៈជំនួយហិរញ្ញវត្ថុខាងលើ។ Japan Display នឹងរៀបចំកិច្ចប្រជុំមួយនៅចុងខែសីហា ជាមួយម្ចាស់ភាគហ៊ុននានា ដើម្បីផ្តល់ការទទួលស្គាល់ជាផ្លូវ ចំពោះកិច្ចព្រមព្រៀងនេះ៕