(អាហ្វហ្គានីស្ថាន)៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានដើរចូលទៅក្នុងពិធីរៀបការមួយ នៅភាគខាងកើត ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃសុក្រនេះ ហើយបានចុចបំផ្ទុះគ្រាប់បែកឡើង សម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងរងរបួស៤០នាក់, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១២ ខែកក្កដានេះ។

​លោក Atahullah Khogyani អ្នកនាំពាក្យអភិបាលខេត្ត​ Nangarhar បានឲ្យដឹងថា ក្មេងប្រុសម្នាក់ បានពាក់គ្រាប់បែកនៅនឹងខ្លួន ហើយបានដើរចូលទៅក្នុងផ្ទះ ដែលកំពុងធ្វើពិធីរៀបការ ដោយផ្ទះនោះ គឺផ្ទះមេបញ្ជាការយោធាគាំទ្រដោយរដ្ឋាភិបាល នៅក្នុងស្រុក Pacheragam។

​លោក Khogyani បន្តថា បុរសនិងស្ត្រីចំនួន៤០នាក់ ដែលទទួលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពលរដ្ឋក្នុងតំបន់ បានលើកឡើងថា មនុស្សចំនួន១០នាក់ ត្រូវបានសម្លាប់។

​យោធាគាំទ្រដោយរដ្ឋាភិបាល តែងតែធ្វើការជាមួយនឹង កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដើម្បីការពារទឹកដី ដែលធ្លាក់ចូលទៅក្នុងដៃ របស់ក្រុមសកម្មប្រយុទ្ធតាលីបង់ និងរដ្ឋឥស្លាម (IS)។

​គួរជម្រាបថា មិនទាន់មានក្រុមណាមួយ បានអះអាងទទួលស្គាល់ ថាការវាយប្រហារ នៅក្នុងពិធីរៀបការនេះ ជាសកម្មភាពរបស់ខ្លួនឡើយ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម តែងតែបើកការវាយប្រហារជាបន្តបន្ទាប់ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារ លើការិយាល័យរដ្ឋាភិបាល, សាលារៀន និងក្រុមផ្តល់ជំនួយ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងទីក្រុង Jalalabad ជាទីក្រុងធំរបស់ខេត្ត Nangarhar៕