(ទីក្រុងឡុងដ៍)៖ យោងតាមអាជ្ញាធរកោះជីប្រាល់តា (Gibraltar) របស់អង់គ្លេស កាលពីថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា សមាជិកកងនាវិកអ៊ីរ៉ង់ទាំងអស់ ០៤រូបរបស់នាវាដឹកប្រេងអ៊ីរ៉ង់ Grace 1 ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយគ្មានការចោទប្រកាន់ណាមួយឡើយ បន្ទាប់ពីមានការឃុំឃាំងកាលពីសប្តាហ៍មុន ក្រោមបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការលួចដឹកប្រេងទៅកាន់ប្រទេសស៊ីរី។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្តដា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អជ្ញាធរជីប៉្រាល់តា (Gibraltar) បានបញ្ជាក់ប្រាប់ថា សមាជិកនាវិកអ៊ីរ៉ង់ទាំងបួនរូប ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ជាមួយនឹងមានលក្ខខណ្ឌមួយចំនួន។ ប៉ុន្តែលក្ខខណ្ឌទាំងនោះ មិនត្រូវបានបញ្ជាក់ឲ្យលម្អិតនោះទេ។ ពួកគេគ្រាន់តែនិយាយថាការស៊ើបអង្កេតកំពុងនៅបន្ត ហើយនាវាដឹកប្រេងអ៊ីរ៉ង់ Grace 1 ក៏នៅតែបន្តរជាប់ឃាំង ដោយដោះលែងតែនាវិកប៉ុណ្ណោះ។

គួររំលឹកថា អជ្ញាធរកោះជីប្រ៉ាល់តា (Gibraltar) ដែលបានសហការណ៍ជាមួយកងនាវាអង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងជាង ២លានបារ៉ែលឈ្មោះ Grace 1 របស់អ៊ីរ៉ង់នៅឈូងសមុទ្រ Gibraltar កាលពីថ្ងៃទី០៤ ខែកក្កដា ដោយចោទប្រកាន់ថា កប៉ាល់នេះបានរំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការដឹកប្រេងឆ្ពោះទៅកាន់ប្រទេសស៊ីរី តបតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន។

ការចាប់នេះត្រូវបានគេមើលឃើញថា នឹងបង្កឲ្យប្រទេសអ៊ីរ៉ង់ឆ្លើយតបវិញ ខណៈកាលពីប៉ុន្មានថ្ងៃមុននេះអង់គ្លេស និងអាមេរិកបានចោទអ៊ីរ៉ង់ថា បានព្យាយាមឡោមព័ទ្ធ និងឃាត់ទុកកប៉ាល់ដឹកប្រេងអង់គ្លេស ដែលធ្វើដំណើរកាត់តាមច្រកសមុទ្រ Hormuz នាតំបន់ដែនទឹកអ៊ីរ៉ង់ ប៉ុន្តែរឿងនេះត្រូវបានអ៊ីរ៉ង់ទាត់ចោលទាំងស្រុង៕