(វ៉ាស៊ីនតោន)៖ អតីតឯកអគ្គរាជទូតអង់គ្លេស ដែលទើបបង្ខំចិត្តលាលែងពីតំណែង លោក គីម ដារ៉ូច (Kim Darroch) បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានចេតនាដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ គឺស្ថិតក្រោម «ហេតុផលផ្ទាល់ខ្លួន» ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក Darroch ត្រូវបានចុះផ្សាយដំបូងគេដោយសារព័ត៌មាន អង់គ្លេស Daily Mail ផ្អែកលើឯកសារទូតបែកធ្លាយដែលខ្លួនទទួលបាន។ នៅក្នុងឯកសារ ទូតនោះ លោក Darroch បានលើកឡើយ៉ាងដូច្នេះថា «រដ្ឋបាលលោក ត្រាំ កំពុងធ្វើសកម្មភាព បំផ្លាញការទូតដើម្បីតែមនោគមន៍វិជ្ជា និងហេតុផលផ្ទាល់ខ្លួន...។ លោកបានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយសារតែវាត្រូវបានចុះហត្ថលេខា ដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ពោលគឺមិនមែនលោកជាអ្នក ចុះហត្ថលេខា...»។
គួរបញ្ជាក់ថា ក្រោយឯកសារទូតជាច្រើនដែលរិះគន់លោក ដូណាល់ ត្រាំ ថា «មិនចេះធ្វើការ» ត្រូវបានបែកធ្លាយនោះ លោក Kim Darroch បានសម្រេចចិត្តលាលែងចេញពីតំណែងជា ឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក រីឯប៉ូលិសអង់គ្លេសកំពុងស៊ើបអង្កេតលើ ការបែកធ្លាយឯកសារទូតសំងាត់ទាំងនោះហើយ។ លោក ត្រាំ ក៏បានព្រលះអតីតមន្ត្រីទូតអង់គ្លេស រូបនេះផងដែរដោយចាត់ទុករូបលោកថា មិនបានបម្រើដល់ផលប្រយោជន៍អង់គ្លេសនោះឡើយ៕