(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook អាចនឹងប្រឈមមុខជាប់ពិន័យរហូតដល់ ១លានដុល្លារក្នុងមួយថ្ងៃ បើសិនហ៊ានដាក់ឱ្យដំណើរការ គម្រោងរូបិយវត្ថុឌីជីថលហៅថា Libra។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមអ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានតាក់តែងឡើងនូវសំណើច្បាប់មួយ ដែលមានគោលដៅហាមឃាត់ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ក្នុងការធ្វើប្រតិបត្តិការក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ ឬក៏ដាក់ចេញនូវរូបិយវត្ថុឌីជីថលផ្ទាល់ខ្លួន ដោយសារតែព្រួយបារម្ភខ្លាចថា រូបិយវត្ថុឌីជីថលដូចជា Libra ត្រូវគេយកប្រើប្រាស់ជាការក្លែងបន្លំនានា ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ។
សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណា ដែលមានចំណូលប្រចាំឆ្នាំច្រើនជាង ២៥ពាន់លានដុល្លារ ហើយល្មើសនឹងច្បាប់នេះ នឹងត្រូវប្រឈមការពិន័យ ១លានដុល្លារជារៀងរាល់ថ្ងៃ។ កាលពីខែមុន ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួននឹងដាក់ឲ្យធ្វើចរាចរណ៍រូបិយវត្ថុឌីជីថលនៅឆ្នាំ២០២០។ ផែនការនេះ បានបង្កឲ្យមានការរិះគន់ពីសំណាក់ក្រុមអ្នករៀបរៀងច្បាប់ជាច្រើននាក់ ព្រមទាំងអ្នកជំនាញវិស័យបច្ចេកវិទ្យា រួមនិងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានអះអាងថា លោកមិនគាំទ្រ Lira ឬមួយក៏រូបិយវត្ថុឌីជីថលណាផ្សេងឡើយ។
គួរជម្រាបថា រូបិយវត្ថុឌីជីថល ដែលគេហៅថា cryptocurrency នេះ នឹងត្រូវគ្រប់គ្រងដោយសមាគមន៍ក្រុមហ៊ុនអាមេរិក ដែលដឹកនាំដោយ Facebook និងដៃគូចំនួន ២៨ទៀតរួមមាន Visa, Mastercard, PayPal, Uber, Lyft, និង Spotify ជាដើម៕