(តៃប៉ិ)៖ អភិបាលក្រុង កៅស៊ុង (Kaohsiung) គឺលោក ហាន គួយុ (Han Kuo-yu) បានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងយកតំណែង ជាបេក្ខជនប្រធានាធិបតីតៃវ៉ាន់ តំណាងឱ្យគណបក្ស គួមីតាង (Kuomintang) បន្ទាប់ពីការប្រកួតប្រជែងដេញដោលជាមួយបេក្ខជនដទៃនៅក្នុងបក្ស អស់រយៈពេលជាង២ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមគណបក្ស Kuomintang លោក Han ទទួលបានសំឡេងគាំទ្រ ៤៤.៨ភាគរយ ហើយជ័យជម្នះនេះត្រូវបានកំណត់ដោយ ការស្ទង់មតិប្រជាជនតៃវ៉ាន់ ដែលត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនចំនួនកាលពីជាង ៧ថ្ងៃមុន។ លទ្ធផលនៃជ័យជម្នះរបស់លោក Han នឹងត្រូវ ដាក់ជូនបន្តឱ្យសមាជបក្ស Kuomintang អនុម័ត។
គួរបញ្ជាក់ថា កន្លងមកគណបក្ស Kuomintang បានប្រកាសពីបេក្ខភាពប្រធានាធិបតីចំនួន ០៥រូប ក្នុងនោះរួមមានទាំងប្រធានក្រុមហ៊ុន ហ្វុកខន់ (Foxconn) លោក ទែរី ហ្គួ (Terry Gou) ដើម្បីចូលរួមប្រកួតប្រជែងជាមួយប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២០៕