(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងពិរចាណាយ៉ាងយកចិត្តទុក ដាក់ ចំពោះការផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ិស្លង់ បន្ទាប់ពីប្រទេសមួយនេះដឹកនាំកិច្ចប្រជុំ ស្ដីពីការស្វែងរកដំណោះស្រាយ UN ដើម្បីបើកការស៊ើបអង្កេតលើសង្រ្គាមប្រឆាំង គ្រឿងញៀនរបស់លោក។ នេះបើតាមលោក Salvador Panelo ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ការលើកឡើងបែបនេះរបស់លោក Salvador Panelo ដែលជាអ្នកនាំពាក្យការិយាល័យ ប្រធានាធិបតីហ្វីលីពីន ធ្វើឡើងមួយសប្ដាហ៍ ក្រោយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN គាំទ្រសំណើ របស់អ៉ីស្លង់ ពាក់ព័ន្ធនឹងការបើកការស៊ើបអង្កេតលើការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ពីសំណាក់ប៉ូលិសហ្វីលីពីន នៅក្នុងសង្រ្គាមគ្រឿងញៀន។ លោក Panelo បានបញ្ជាក់ដូច្នេះថា ៖ «ជាការពិតណាស់ លោក ឌូតឺតេ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះការផ្ដាច់ ទំនាក់ទំនងការទូតជាមួយប្រទេសអ៉ីស្លង់...ដ្បិតដំណោះស្រាយស្នើឡើងដោយអ៉ីស្លង់គឺមាន លក្ខណៈឯកតោភាគី និងប្រកាន់បក្ខពួក»។
គួរជម្រាបថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសដាក់ចេញសង្រ្គាមប្រឆាំងគ្រឿងញៀនកាលពី ឆ្នាំ២០១៦ ហើយចាប់ពីពេលនោះមកដែរ ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ច្រើនជាង ៥,៣០០នាក់ ត្រូវបានប៉ូលិសហ្វីលីពីនបាញ់សម្លាប់។ រីឯ ក្រុមអង្គការសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងលើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ ប៉ុន្តែ លោក ឌូតឺតេ នៅតែមានប្រជាប្រិយខ្ពស់ដដែលនៅក្នុងចំណោមប្រជាជនហ្វីលីពីន ភាគច្រើន៕