(ហុងកុង)៖ អ្នកវិភាគហុងកុងឈ្មោះ Guo Minghao មកពីក្រុមហ៊ុនមូលបត្រអន្តរជាតិ TF International Securities បាននិយាយ ថា អត្រានៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Huawei ក្នុងឆ្នាំ២០១៩នេះ នឹងលើសពីការព្យាករណ៍មុនពេលដែល Huawei ជាប់បញ្ជីខ្មៅរបស់អាមេរិកទៅទៀត ខណៈ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសន្យាបន្ធូរបន្ថយការឹតត្បិតលើ Huawei។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីវែបសាយ Forbes នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

បើតាមលោក Guo ការលក់ស្មាតហ្វូន Huawei នៅឆ្នាំនេះ អាចឡើងដល់២៦០លានគ្រឿង ដែលវាច្រើនជាង២៥០លានគ្រឿង ដែលជាចំនួននៃ ការព្យាករណ៍មុន ពេលក្រុមហ៊ុន Huawei ជាប់បញ្ជីខ្មៅពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅទៀត។ ហើយ មិនតែប៉ុណ្ណោះ ក្រោយពេលត្រូវអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅ ថែមទាំងមានព័ត៌មានថា Huawei បានសម្រេចបន្ទាបការព្យាករណ៍ នៃ ការលក់ស្មាតហ្វូនសម្រាប់អំឡុងពេល០៦ខែចុងក្រោយនៃឆ្នាំ២០១៩នេះ ក្នុងអត្រាពី២០ទៅ៣០ភាគរយ និងបន្ថយ ក៏ដូចជា លុបចោលការបញ្ជាទិញទៅកាន់បណ្តាក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់ធំៗរបស់ខ្លួន។

អ្នកវិភាគហុងកុងខាងលើ បានលើកឡើងថា ការលក់ស្មាតហ្វូនបានចំ នួន២៦០គ្រឿងនេះ គឺអាស្រ័យទៅការស្តារទំនាក់ទំនង ប្រតិបត្តិការអាជីវកម្មឲ្យដូចដើមឡើងវិញរវាង Huawei និង Google ព្រោះស្មាតហ្វូនគ្រប់ស៊េរីរបស់ក្រុមហ៊ុន Huawei ដំណើរ ការ នៅលើប្រព័ន្ធប្រតិបត្តិការ Android OS របស់ Google ព្រមទាំងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនេះរបស់ អាមេរិក ។ កត្តាមួយទៀត គឺសម្អាងទៅលើសន្ទុះកើនឡើងនៃការលក់ស្មាតហ្វូនក្នុងប្រទេសចិនផ្ទាល់ ដែលជាទីផ្សារធំជាងគេ បំផុតនៅលើពិភពលោក ស្របពេលដែល Huawei បានស្ថិតក្រោមការតាមដាក់សម្ពាធធ្វើបាបពីអាមេរិក។

គួរជម្រាបថា កាលពីឆ្នាំមុន កំណើនមួយចំនួនរបស់ក្រុមហ៊ុន Huawei គឺបានមកពីការធ្វើអាជីវកម្មស្មាតហ្វូន ហើយនៅពេលចូល មកដល់ឆ្នាំ២០១៩ គ្រប់គ្នាបានរង់ចាំផ្ទៀងភ្នែកមើលថាតើ ក្រុមហ៊ុនចិនដែលទើបតែរះត្រដែតខាងផ្នែកស្មាតហ្វូនមួយនេះ អាច បន្តប្រកួតប្រជែងឡើងដល់កម្រិតណាទៀតជាមួយក្រុមហ៊ុនស្មាតហ្វូនធំៗដែលដើរមុនខ្លួនដូចជា Apple របស់អាមេរិក និងជា ពិសេស Samsung របស់កូរ៉េខាងត្បូងតែម្តង ដែលកំពុងឈរនៅកំពូលតារាង។

បើយើងងាកទៅសំឡឹងមើលរបាយការណ៍ស្មាតហ្វូនកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្រុមហ៊ុន Huawei ហាក់មានសន្ទុះយ៉ាង ខ្លាំង ក្លាជាងក្នុងការលក់ស្មាតហ្វូន។ ការប្រៀបធៀបគ្នារវាងឆ្នាំ២០១៨និងឆ្នាំ២០១៧ បានបង្ហាញថា Huawei ទទួលបានកំណើនប្រចាំឆ្នាំ រហូត ដល់ជិត៣៤ភាគរយ រីឯ Samsung បានថយចុះ៨ភាគរយ ហើយ Apple ថយ៣.២ភាគរយ។

សម្រាប់ការលក់ស្មាតហ្វូនវិញ នៅឆ្នាំ២០១៧ Huawei លក់បាន១៥៤លានគ្រឿង ជាមួយទំហំទីផ្សារប្រមាណ១០.៥ភាគរយ តែនៅឆ្នាំ២០១៨ Huawei លក់ស្មាតហ្វូនបាន ២០៦លានគ្រឿង ជាមួយទំហំទីផ្សារ១៤.៧ភាគរយ។ ចំណែក Samsung នៅឆ្នាំ ២០១៧ លក់បាន ៣១៧.៧លានគ្រឿង ជាមួយទំហំទីផ្សារ២១.៧០ភាគរយ តែក្នុងឆ្នាំ២០១៨ ការលក់ស្មាតហ្វូនរបស់ ក្រុមហ៊ុន Samsung បានថយមកនៅ២៩២.៣លានគ្រឿង ជាមួយទំហំទីផ្សារ២០.៨ភាគរយ។ មកដល់ Apple របស់អាមេរិកវិញ នៅឆ្នាំ ២០១៧ លក់បាន២១៥.៨លានគ្រឿង ជាមួយទំហំទីផ្សារ១៤.៧ភាគរយ ខណៈនៅឆ្នាំ២០១៨ Apple លក់បាន២០៦លានគ្រឿង ជាមួយទំហំទីផ្សារ១៤.៩ភាគរយ។ អ្វីគួរឲ្យកត់សម្គាល់ក្រុមហ៊ុនស្មាតហ្វូនពីរទៀតដែលឈរនៅលេខ៤និងលេខ៥ គឺសុទ្ធតែ ជាក្រុមហ៊ុនរបស់ចិន រួមមាន Xiaomi ដែលនៅឆ្នាំ២០១៨ លក់បាន១២២.៦លានគ្រឿង និង OPPO ដែលក្នុងឆ្នាំដូចគ្នាលក់ បាន ១១៣.១លានគ្រឿង។

គួរជម្រាបថា មុនពេលមានបញ្ហារកាំរកូសដែលបង្កឡើងដោយរដ្ឋាភិបាលអាមេរិក ក្រុមហ៊ុន Huawei ថែមទាំងហ៊ានអះអាងថា នៅឆ្នាំ២០២០ ខ្លួននឹងអាចដណ្តើមតំណែងលេខ១ពី Samsung បានទៀតផង៕