(ញូដេលី)៖ អគារមួយខ្នងកម្ពស់០៤ជាន់បានដួលរលំនៅទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ដោយមនុស្សពី ៤០-៥០នាក់ត្រូវគេព្រួយបារម្ភថា អាចកំពុងជាប់ខ្លួនពីក្រោមគំនរអគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
អគារខាងលើស្ថិតនៅតំបន់ ដុនគ្រី (Dongri) នៃទីក្រុង Mumbai ខណៈក្រោយកើតហេតុ កម្លាំងប៉ូលិស ភ្នាក់ងារពន្លត់អគ្គីភ័យ និងក្រុមឆ្លើយតបគ្រោះមហន្តរាយ ត្រូវបានចល័តទៅដល់កន្លែងកើតហេតុជាបន្តបន្ទាប់ និងកំពុងធ្វើប្រតិបត្តិការរុករក និងជួយសង្រ្គោះយ៉ាងសស្រាក់សស្រាំ។ មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ តួលេខជនរងគ្រោះជាផ្លូវការ ពីអាជ្ញាធរឥណ្ឌាផ្ទាល់នៅឡើយទេ។
គួរជម្រាបថា ហេតុការណ៍ដួលរលំអគារស្រដៀងៗគ្នានេះ រមែងកើតមានឡើងជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដែលបានបណ្តាលមកពីគ្រោះធម្មជាតិ ការសាងសង់ខុសបច្ចេកទេស និងអគារចាស់ទ្រុឌទ្រោមជាដើម៕