(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី (Abbas Araqchi) បាននិយាយថា សហរដ្ឋអាមេរិកទំនងជាបានច្រឡំបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនឯង ខណៈយន្ដហោះដ្រូនអ៊ីរ៉ង់ទាំងអស់ ស្ថិតនៅក្នុងបន្ទាយយ៉ាងមានសុវត្ថិភាព និងគ្មានត្រូវនរណាបាញ់ធ្លាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រនេះលោក Abbas Araqchi បានលើក ឡើងដូច្នេះថា «យើងមិនបានបាត់បង់យន្ដហោះដ្រូនណាមួយ នៅច្រកសមុទ្រហ័រមូស (Hormuz) ឬទីកន្លែងផ្សេងណាមួយនោះទេ... ប៉ុន្តែខ្ញុំបារម្ភជួសខា្លចនាវាចម្បាំងអាមេរិក USS Boxer ច្រឡំបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនឯង»

គួរជម្រាបថា ការអះអាងខាងលើរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យដឹងកងនាវាអាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង នៅពីលើតំបន់ច្រកសមុទ្រ Hormuz។ លោកបានបន្ថែមទៀតថា នាវាចម្បាំងអាមេរិក USS Boxer បានចាត់វិធានការ ការពារខ្លួនដោយបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្ដហោះនេះហោះមកក្បែរៗ ស្ថិតនៅចំងាយ ៩១៤ម៉ែត្រពីនាវាចម្បាំងអាមេរិក៕