(វីយែន)៖ ប្រមុខអង្គការឃ្លាំមើលថាមពលអាតូមិកអន្តរជាតិ នៃអង្គការសហប្រជាជាតិហៅកាត់ថា IAEA គឺលោក អាម៉ាណូ យូគីយ៉ា (Amano Yukiya) បានទទួលមរណភាពហើយនាអាយុ ៧២ឆ្នាំ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន កាលពីប៉ុន្មានខែមុននេះថា លោកគ្រោងនឹងលាលែងពីមុខតំណែងមុនអាណត្តិ។ នេះបើតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។
ដំណឹងមរណភាពខាងលើធ្វើឡើងដោយអង្គការ IAEA ផ្ទាល់តាមរយៈសារលិខិត ផ្ញើទៅកាន់បណ្តាប្រទេសជាសមាជិក ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន។ កន្លងទៅថ្មីៗនេះទើបតែមានព័ត៌មានថា លោក Amano គ្រោងនឹងចុះពីតំណែងនៅ មុនអាណត្តិគឺនៅខែមីនា ឆ្នាំ២០២០ ដោយសារតែជំងឺម៉្យាង ដែលបានធ្វើឲ្យសុខភាពលោក កាន់តែធ្លាក់ចុះខ្សោយខ្លាំងឡើងៗ។
គួរជម្រាបថា លោក Amano Yuki ដែលជាអ្នកការទូតជនជាតិជប៉ុនកាលពីឆ្នាំ២០១៧ ត្រូវបានតែងតាំងឲ្យបន្តធ្វើជាអគ្គលេខាធិការរបស់អង្គការ IAEA សម្រាប់មួយអាណត្តិទៀតរយៈពេល ០៤ឆ្នាំ គឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាអាណត្តិទីបីហើយរបស់លោក។ ការទទួលខុសត្រូវរបស់អង្គការអន្តរជាតិនេះ ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស គឺរួមមានការឃ្លាំមើលការដាក់កំហិត លើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញ កាលពីឆ្នាំមុនជាដើម៕