(ហ្សេរុយសាឡឹម)៖ ទាហានអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមបំផ្លាញផ្ទះសម្បែង និងអគារជាច្រើននៅក្បែររនាំងយោធាស្ថិតជាយទីក្រុងហ្សេរុយឡឹម ដោយមិនខ្វល់ឡើយ ចំពោះការតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន និងការថ្កោលទោសពីអន្តរជាតិ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

យោងតាម Reuters គ្រឿងចក្រជាច្រើន ព្រមទាំងនាយទាហាន និងប៉ូលិសអ៊ីស្រាអែលរាប់រាយនាក់ ត្រូវបានបញ្ជូនទៅកាន់ភូមិប៉ាឡេស្ទីន ស៊ួរបាហេ (Sur Baher) ស្ថិតនៅជាយខាងកើតទីក្រុងហ្សេរុយសាឡឹម។ ភូមិមួយនេះត្រូវបានអ៊ីស្រាអែលរឹបអូស នៅក្នុងសង្រ្គាមកាលពីឆ្នាំ១៩៦៧ ហើយប៉ាឡេស្ទីនបានសម្ដែងការតវ៉ា និងក្ដីព្រួយបារម្ភដោយខ្លាចក្រែងសកម្មភាព បំផ្លាញផ្ទះសម្បែងរបៀបនេះ អាចនឹងរាលដាលដល់បណ្ដាភូមិប៉ាឡេស្ទីនទៀត ដែលស្ថិតនៅក្បែររនាំងប៉ុស្តិ៍យោធារបស់អ៊ីស្រាអែល។

បន្ថែមពីខាងលើនេះ បើតាមសម្តីប្រធានសហគមន៍ក្នុងភូមិ Sur Baher ទាហានអ៊ីស្រាអែលបានបណ្ដេញប្រជាជនប៉ាឡេស្ទីន និងចាប់ផ្ដើមដាក់គ្រឿងបំផ្ទុះនៅតាមផ្ទះ ឬអគារដែលពួកគេចង់បំផ្លាញតាំងតែពីម៉ោង ២៖០០នាទីទៀបភ្លឺឈានចូលថ្ងៃចន្ទនេះមកម្ល៉េះ បើទោះជាមានការរារាំងពីក្រុមសកម្មជនអន្តរជាតិក៏ដោយ។

គួរជម្រាបថា តុលាការកំពូលអ៊ីស្រាអែល បានចេញសេចក្ដីសម្រេចមួយកាលពីខែមិថុនា កន្លងទៅនេះថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិ Sur Baher គឺរំលោភលើបទដ្ឋានហាមឃាត់ការ សាងសង់ ហើយតម្រូវឱ្យប្រជាជនប៉ាឡេស្ទីនពាក់ព័ន្ធនឹងអគារ ឬផ្ទះទាំងនេះរើចេញឱ្យ បានមុនថ្ងៃសុក្រសប្ដាហ៍មុន៕