(ញូដេលី)៖ យានអវកាសឥណ្ឌា Chandrayaan-2 ដែលត្រូវបានផលិតឡើងសម្រាប់គោចរ និងចុះចតលើផ្ទៃក្បែរប៉ូលខាងត្បូងរបស់ព្រះច័ន្ទនោះ នៅទីបំផុតត្រូវបានបាន​បង្ហោះចេញពីផែនដីប្រកបដោយជោគជ័យហើយ ក្រោយពីត្រូវបានពន្យារពេលអស់ជិតមួយសប្តាហ៍ ដោយសារការលេចធ្លាយប្រេង។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

យានអវកាសឥណ្ឌាខាងលើនេះ ត្រូវបានរុញច្រានចាកចេញពីភពផែនដី ដោយគ្រាប់រ៉ុក្កែតឈ្មោះ GSLV-Mk-III។ នៅក្នុងខ្លួនរបស់យានអវកាស Chandrayaan-2 មានផ្ទុកយានសម្រាប់ចុះចតលើផ្ទៃព្រះច័ន្ទឈ្មោះ Vikram, យានសម្រាប់ចល័តបានឈ្មោះ Pragyaan និងផ្កាយរណបគោចរជុំវិញព្រះច័ន្ទ Orbiter សរុបទាំងអស់០៣គ្រឿង បានចាកចេញពីផ្ទៃផែនដីនៅវេលាម៉ោង ១៤៖៤៣នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងញូដេលី) ពីមជ្ឈមណ្ឌលអវកាសឥណ្ឌា Satish Dhawan Space Centre ស្ថិតនៅក្នុងតំបន់ Sriharikota ជាប់ដែនសមុទ្របឹងហ្គាល់ ភាគខាងកើតប្រទេស។

គួរបញ្ជាក់ថា បេសកកម្ម Chandrayaan-2 មានទំហំអភិវឌ្ឍន៍ចំនួនជិត ១៥០លានដុល្លារ បានក្លាយជាបេសកកម្មទី ៣ ដែលមានគោលដៅឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ក្នុងឆ្នាំ២០១៩នេះ គឺបន្ទាប់ពីបេសកកម្ម Chang'e-4 របស់ប្រទេសចិន កាលពីខែមករាដើមឆ្នាំនេះ និងបេសកកម្ម Beresheet របស់ប្រទេសអ៊ីស្រាអែល កាលពីខែមេសា។ ខណៈ Chang'e-4 របស់ចិន បានចុះចតដោយជោគជ័យ Beresheet បានទទួលបរាជ័យ ដោយត្រូវធ្លាក់ខ្ទេច នៅលើផ្ទៃព្រះច័ន្ទ កំឡុងពេលព្យាយាមចុះចត។

មកទល់ពេលនេះមានប្រទេស ០៣ធំៗប៉ុណ្ណោះនៅលើពិភពលោកដែលមានយានចុះ​ទៅដល់លើផ្ទៃព្រះច័ន្ទដោយជោគជ័យ ក្នុងនោះគឺអតីតសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងចិន។ រីឯឥណ្ឌាពេលនេះកំពុងប្រឹងប្រែងឲ្យក្លាយជាប្រទេសទី ៤។ បេសកកម្ម Chandrayaan-1 កាលពីឆ្នាំ២០០៨ ឥណ្ឌាគ្រាន់តែបញ្ជូនយាន ប្រភេទផ្កាយរណបឲ្យទៅសិក្សាព្រះច័ន្ទ នៅជុំវិញគន្លងគោចរប៉ុណ្ណោះ ដោយមិនបានចុះប៉ះផ្ទៃព្រះច័ន្ទផ្ទាល់នោះឡើយ។

គោលដៅចម្បងរបស់ Chandrayaan-2 គឺដើម្បីបង្ហាញពីសមត្ថភាពនៃការចុះចតយ៉ាងរលូន នៅលើផ្ទៃព្រះច័ន្ទ និងការធ្វើប្រតិបត្តិការយានរ៉ូបូត នៅលើផ្ទៃរបស់ព្រះច័ន្ទផ្ទាល់។ សម្រាប់គោលដៅវិទ្យាសាស្ត្រវិញរួមមាន ការសិក្សាអំពីសារធាតុដីលើព្រះច័ន្ទ សារធាតុរ៉ែផ្សេងៗ ទឹកក្រោមផ្ទៃព្រះច័ន្ទ និងដានទឹកកកនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ៕