(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងដាក់ឱ្យដំណើរការនូវបទបញ្ជាថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរអាមេរិក អាចបណ្ដេញជនអន្តោប្រវេសន៍ ចេញពីទឹកដីមហាអំណាចចំរុះជាតិសាសន៍មួយនេះ ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមបទបញ្ជាថ្មីខាងលើ រាល់ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយណា ដែលមិនអាចបញ្ជាក់បានថាខ្លួនឯង បានរស់នៅក្នុងសហរដ្ឋអាមេរិកច្រើនជាង ០២ឆ្នាំទេនោះ ពួកគេនឹងត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិកភ្លាមៗ។ គោលនយោបាយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយនឹងត្រូវអនុវត្តភ្លាមៗនៅទូទាំងសហរដ្ឋអាមេរិក។ តែយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សអះអាងថា ពួកគេនឹងងើបឡើងតវ៉ា ចំពោះគោលនយោបាយនេះដល់តុលាការតែម្តង។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទទួលរងការ រិះគន់យ៉ាងខ្លាំង ជាពិសេសគឺពាក់ព័ន្ធនឹងលក្ខខណ្ឌឃុំខ្លួនជនអន្តោប្រវេសន៍នៅតំបន់ព្រំដែន ភាគខាងត្បូងជាប់ជាមួយម៉ិចស៊ីកូតែម្ដង ដែលត្រូវបានសកម្មជនការពារសិទ្ធិមនុស្សចោទប្រកាន់ថា ជាទង្វើរំលោភបំពានសិទ្ធិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ៕