(ហាណូយ)៖ យោងតាមអាជ្ញាធរវៀតណាមបានឲ្យដឹងថា ប្រទេសនេះទំនងជានឹងប្រឈមមុខ បញ្ហាកង្វះខាតអគ្គីសនីប្រើប្រាស់ចំនួន ៦.៦ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) នៅឆ្នាំ២០២១ និង ១១.៨ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) នៅឆ្នាំ២០២២ ហើយនឹងអាចកើនឡើងដល់ ១៥ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) នៅឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០១៩។
តាមរយៈសារព័ត៌មានក្នុងស្រុកមួយ បានដកស្រង់សម្តីរបស់លោក ភុង ហ័ងគីម ( Phuong Hoang Kim) ដែលជាអគ្គនាយកអាជ្ញាធរអគ្គិសនី និងថាមពលវៀតណាម ដែលពន្យល់ពីមូលហេតុនឹងធ្វើឲ្យវៀតណាម ខ្វះខាតអគ្គិសនីប្រើប្រាស់នៅប៉ុន្មានឆ្នាំខាងមុខយ៉ាងដូច្នេះថា «នេះគឺដោយសារតែការអនុវត្តន៍យឺតយ៉ាវ នៃគម្រោងថាមពលអគ្គីសនី ៤៦កន្លែង ដែលមានសមត្ថភាពផលិតលើសពី ២០០មេហ្គាវ៉ាត់ (MW)»។ លោកក៏បានបន្ថែមទៀតថា មានកត្តារួមផ្សំផ្សេងទៀតជាច្រើន ដូចជាការកើនឡើងនៃតម្រូវការប្រើប្រាស់អគ្គីសនី លំហូរទឹកមិនបានល្អចូលបំពេញអាងស្តុកទឹកនៃទំនប់វារីអគ្គិសនី និងការខ្វះខាតធ្យូងថ្ម ព្រមទាំងឧស្ម័នសម្រាប់ផលិតអគ្គិសនីជាដើម។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខនេះ រដ្ឋាភិបាលក្រុងហាណូយ មានផែនការបង្កើនទិន្នផលអគ្គិសនី ដែលផលិតចេញពីប្រភពថាមពលកកើតឡើងវិញ ពីប្រមាណ ៥៨ពាន់លានគីឡូវ៉ាត់ តាំងតែពីឆ្នាំ២០១៥ នឹងទៅដល់ប្រមាណ ១០១ពាន់លានគីឡូវ៉ាត់នៅឆ្នាំ២០២០ ព្រមទាំង ១៨៦ពាន់លានគីឡូវ៉ាត់នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។ ចំណែកឯដំណោះស្រាយបណ្តោះអាសន្នវិញ វៀតណាមអាចនឹងនាំចូលអគ្គិសនីបន្ថែមពីប្រទេសចិន និងឡាវ៕