(ញូដេលី)៖ ក្រោយឥណ្ឌាបានសម្រេចជោគជ័យ ក្នុងការបាញ់បញ្ជូនបេសកកម្ម Chandrayaan-2 ចេញពីផែនដី ដើម្បីឆ្ពោះទៅឋានព្រះច័ន្ទ ចិនក៏បានបង្ហាញឆន្ទៈចង់ចាប់ដៃគូសហការជាមួយឥណ្ឌា ក្នុងការស្រាវជ្រាវរុករកនៅទីអវកាស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) នាថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា «ការរុករកនៅក្នុងទីអវកាស រួមទាំងនៅឋានព្រះច័ន្ទជាដើម គឺជាបុព្វហេតុរួមនៃមនុស្សលោកយើងទាំងអស់គ្នា។ ដូច្នេះហើយចិនចង់ធ្វើការជាមួយភាគីឥណ្ឌា ក្នុងការរុករកនៅទីអវកាស ដើម្បីផ្តល់ប្រយោជន៍កាន់តែច្រើនថែមទៀតដល់មនុស្សជាតិ »។
គួរជម្រាបថា កាលពីខែមករា ដើមឆ្នាំ២០១៩នេះ ទីភ្នាក់ងារអវកាសចិន បានបង្កើតប្រវត្តិសាស្រ្តមិនធ្លាប់មាន តាមរយៈការចុះចតដោយជោគជ័យនៃយានអវកាស Chang'e-4 នៅតំបន់គេហៅថា far side ឬ dark side of the moon ដែលជាផ្ទៃមួយចំហៀង ទៀតមិនបែរមករកផែនដីនោះឡើយ។ រីឯបេសកកម្ម Chandrayaan-2 វិញ នឹងត្រូវទម្លាក់យានឲ្យទៅចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ នៅខែកញ្ញាខាងមុខ ហើយបើបានជោគជ័យទៀតនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី ៣ បន្ទាប់សហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) សហរដ្ឋអាមេរិក និងប្រទេសចិន៕