(ការ៉ាកាស់)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានអះអាងកាលពីថ្ងៃពុធម្សិលមិញថា ការដាច់ចរន្តអគ្គីសនីស្ទើរតែពាសពេញផ្ទៃប្រទេស កាលពីថ្ងៃចន្ទដើមសប្តាហ៍មុននេះ គឺជាលទ្ធផលនៃការវាយប្រហារ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ខណៈការចោទប្រកាន់នេះ ទំនងគឺចង់សំដៅទៅសហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយរឿងនេះ។ នេះបើយោងតាម សារព័ត៌មានស៊ិនហួរ ចុះផ្សាយនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ម៉ាឌូរ៉ូ បានធ្វើការកត់សំគាល់យ៉ាងដូច្នេះថា «យើងបានទទួលរងការវាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយខ្ញុំនឹងបង្ហាញជូនដល់សាធារណៈជនវ៉េណេស៊ុយអេឡា នៅប៉ុន្មានម៉ោងក្រោយទៀតនេះ នូវលទ្ធផលនៃការស៊ើបអង្កេតទាំងស្រុង អំពីប្រភេទនៃការវាយប្រហារថា តើការវាយប្រហារនេះកើតឡើងរបៀបណា និងកើតចេញពីណា»។ លោកក៏បានបន្ថែមទៀតថា វាគឺទង្វើរបស់ពួកចក្រពត្តិអាមេរិក ដែលចង់បំផ្លាញប្រទេសវ៉េណេស៊ុយអេឡាយើង ប៉ុន្តែយើងសូមបញ្ជាក់ថា ពួកគេមិនអាចធ្វើទៅរួចបានទេ។
គួរបញ្ជាក់តាមលោក ម៉ាឌូរ៉ូ ថាវាមិនមែនជាការវាយប្រហារលើកដំបូង មកលើប្រព័ន្ធចរន្តអគ្គិសនីជាតិ វេណេស៊ុយអេឡា ដែលទើបតែកើតមានថ្មីៗនេះទេ ប៉ុន្តែអ្វីដែលខុសប្លែកនៅពេលនេះ គឺសត្រូវរបស់វេណេស៊ុយអេឡាបានផ្តាច់ប្រព័ន្ធអគ្គិសនីម្តងទៀត ដែលយើងបាននិងកំពុងស្តារស្ថិរភាពឡើងវិញនោះ។ លោក ម៉ាឌូរ៉ូ ក៏បានថ្លែងអំណរគុណដល់ប្រជាជនវ៉េណេស៊ុយអេឡា ចំពោះការសហការ និងការអត់ធ្មត់របស់ពួកគេ ដើម្បីឆ្លើយតបទៅការវាយប្រហារនេះ៕