(អាមេរិក)៖ សហរដ្ឋអាមេរិកមានការជឿជាក់ថា កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អ៊ីរ៉ង់បានធ្វើតេស្តគ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមមួយគ្រាប់ ដែលវាអាចហោះបាន ១,០០០គីឡូម៉ែត្រ និងត្រូវបានកងទ័ពអាមេរិកអះអាងថា ជាប្រភេទហ្សាបាអាប់ ៣ (Shabaab-3) ប៉ុន្តែវាមិនបានបង្កការគំរាមកំហែងណាមួយ ទៅដល់មូលដ្ឋានទ័ពអាមេរិកនានា នៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា គ្រាប់មីស៊ីលអ៊ីរ៉ង់ខាងលើនេះត្រូវបានបាញ់ចេញពី តំបន់មួយស្ថិតនៅភាគខាងត្បូងទឹកដីអ៊ីរ៉ង់ ហើយបានធ្លាក់នៅតំបន់មួយទៀត ដែលស្ថិតនៅជាយឆ្ងាយពីរដ្ឋធានីតេហេរ៉ង់។ មន្ត្រីយោធាអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបាន បញ្ជាក់ថា ពួកគេកំពុងតែមានការព្រួយបារម្ភចំពោះការបាញ់មីស៊ីលសាកល្បងរបស់អ៊ីរ៉ង់ ប៉ុន្តែក្រោយព័ត៌មានបរទេសបានផ្សព្វផ្សាយជាច្រើនអំពីរឿងនេះ គេក៏មិនទាន់ឃើញរបបដឹកនាំអ៊ីរ៉ង់ ធ្វើការឆ្លើយតបនៅឡើយដែរ។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសច្រើនសមុទ្រហ័រមូស (Hormuz) ជាប់ឆ្នេរសមុទ្រអ៊ីរ៉ង់បានប្រែក្លាយកាន់តែតានតឹង ដោយក្រោយពីឆ្មាំការពារដែនសមុទ្រអ៊ីរ៉ង់ ចាប់ឃាត់ទុកនាវាដឹកប្រេងមួយគ្រឿង ដែលដោតទង់ជាតិអង់គ្លេសឈ្មោះ ស្ទេណា អ៊ីមភែរ៉ូ (Stena Impero) ដោយបានប្រកាន់ចោទថា នាវានោះបានរំលោភច្បាប់ដែនសមុទ្រអន្តរជាតិ ប៉ុន្តែអាមេរិក និងសម្ព័ន្ធមិត្តវិញបាន អះអាងថា វាជាទង្វើសងសឹកទៅនឹងការចាប់ឃាត់ទុក នាវាដឹកប្រេងធំមួយរបស់អ៊ីរ៉ង់ ដោយអាជ្ញាធរអង់គ្លេសកាលពីមុននេះប៉ុណ្ណោះ៕