(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកនាថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា ឧបករណ៍សម្រាប់បាញ់មីស៊ីលមួយគ្រឿង ត្រូវបាន គេឆែក ឃើញក្នុងវាលឺរបស់អ្នកដំណើរម្នាក់ នៅឯអាកាសយានដ្ឋានក្បែររដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលសន្តិសុខផ្នែកដឹកជញ្ជូនអាមេរិក TSA អាជ្ញាធរប្រចាំអាកាសយានដ្ឋានអន្តរជាតិ Baltimore/Washington International Airport បានរកឃើញឧបករណ៍ខាងលើ កំឡុងការត្រួតពិនិត្យវ៉ាលឺរបស់អ្នកដំណើរ។ ម្ចាស់វ៉ាលីនោះ បានអះអាងថា គាត់គឺជាមន្រ្តីយោធាធ្វើដំណើរពីប្រទេសគុយវ៉ែត ត្រឡប់មកមាតុភូមិវិញ ហើយបានយក ឧបករណ៍បាញ់មីស៊ីលនេះ មកទុកធ្វើជាវត្ថុអនុស្សាវរីយ៍។
គួរជម្រាបថា យ៉ាងណាមិញ ឧបករណ៍ខាងលើត្រូវបានរឹបអូសទុក និងប្រគល់ឲ្យអាជ្ញាធរជំនាញ ដើម្បីចាត់ចែងតាមនីតិវិធី៕