(កង់បេរ៉ា)៖ សហរដ្ឋអាមេរិកបានត្រៀមចាយលុយរហូតដល់ទៅជាង ៣០៥.៩លានដុល្លារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងទីក្រុងដរវីន (Darwin) របស់អូស្ត្រាលី ដើម្បីជាការបង្កើន វត្តមានយោធានៅក្នុងប្រទេសសម្ព័ន្ធមិត្តមួយនេះ ប៉ុន្តែមនុស្សមួយចំនួន ហាក់ដូចជាមិនចង់ពិភាក្សាពីរឿងនេះឡើយ ព្រោះទង្វើបែបនេះវាអាចជារឿងធម្មតាទៅហើយ សម្រាប់មហាអំណាចលេខ ១ លើលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Business Insider នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមសេចក្តីព្រាងមួយទៅកាន់សភាអាមេរិក ក្នុងចំណោមទឹកប្រាក់គំរោងខាងលើនេះ គឺប្រមាណ ២១១.៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការកសាងមូលដ្ឋានទ័ពជើងទឹក ស្ថិតនៅទីក្រុង Darwin ភាគខាងជើងអូស្ត្រាលីផ្ទាល់ ហើយដែលគំរោងនេះគឺកំពុងតែរង់ចាំការ អនុម័តពីសមាជិកសភាអាមេរិក។ យ៉ាងណាក៏ដោយផែនការល្អិតនៃគំរោងនេះ គឺត្រូវបានដឹងតិចតួចប៉ុណ្ណោះ ហើយវាក៏ត្រូវបានចាត់ទុកជាគំរោងដែលនឹងត្រូវចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ទីពីរផងដែរ ក្នុងចំណោមគំរោងផ្សេងៗទៀតរបស់អាមេរិកក្នុងការ បង្កើត មូលដ្ឋានទ័ពក្រៅប្រទេសបែបនេះ ប៉ុន្តែវានឹងក្លាយជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតមួយរបស់ យោធាអាមេរិកនៅក្នុងប្រទេសអូស្រ្តាលី ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ក្រៅពីគំរោងកសាងមូលដ្ឋានទ័ពជើងទឹកនៅអូស្ត្រាលីខាងលើនេះ គំរោងធំៗផ្សេងទៀតក៏ត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងផងដែរ ក្នុងនោះគឺសុទ្ធសឹងតែមូលដ្ឋាន ដែលនៅព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាកោះហ្គាំ (Guam) និងប្រទេសជប៉ុនផងដែរ។ គំរោងធំទី ១ របស់សហរដ្ឋអាមេរិកពីលើគំរោង កសាងមូលដ្ឋានទ័ពនៅទីក្រុង Darwin នោះគឺការកសាងមូលដ្ឋានយុទ្ធសាស្ត្រយោធារួម ដោយកោះហ្គាំ កូរ៉េខាងត្បូង និងជប៉ុន ចាត់ទុកជាតំបន់យុទ្ធសាស្ត្រភាគខាងជើង និងកោះតៃវ៉ាន់សម្រាប់ភាគខាងលិច ដែលនឹងត្រូវចំណាយ ៣២៧លានដុល្លារ។

គួរបញ្ជាក់ថា ផែនដីការដ៏ធំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ គឺគ្មានអ្វីក្រៅពីការទប់ទល់ឥទ្ធិពលប្រទេសចិននោះឡើយ។ ដោយឡែកសហរដ្ឋអាមេរិក ក៏កំពុងមានគម្រោងមួយនៅទីក្រុង ជែរ៉ាល់តុន (Geraldton) ក្នុងរដ្ឋអូស្រ្តាលីខាងលិចផងដែរ ហើយកាលពីឆ្នាំមុនអាមេរិកទើបតែបានបញ្ជូនកងទ័ពម៉ារីនជាង ១,៥០០នាក់ មកកាន់មូលដ្ឋានជើងទឹករបស់ខ្លួន ថប់អេនដ៍ (Top End) នៅអូស្រ្តាលីថែមទៀត។ ក្រៅពីនេះ អាមេរិកមានមូលដ្ឋានស៊ើបការណ៍សម្ងាត់ ផាញហ្គេប (Pine Gap) នៅក្រុងអាលីស (Alice) និងមានកិច្ចព្រមព្រៀងឯទៀតៗជាមួយរដ្ឋាភិបាលអូស្រ្តាលី ដើម្បីប្រើប្រាស់បន្ទាយទ័ពអាកាសមួយចំនួនរបស់ប្រទេសអូស្រ្តាលី៕