(គូឡាឡាំពួរ)៖ ព្រះចៅស៊ូលតង់នៃរដ្ឋផេណាង (Pahang)ព្រះនាម អាប់ឌុលឡាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) នៅទីបំផុតត្រូវបញ្ជាក់ជាផ្លូវការថា បានឡើងគ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីពេញសិទ្ធិហើយ នៅថ្ងៃអង្គារនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
ព្រះចៅស៊ូលតង់ Abdullah ដែលគម្រប់ព្រះជន្មាយុយាងចូល ៦០ព្រះវស្សាក្នុងថ្ងៃអង្គារនេះផងដែរនោះ ត្រូវបានបញ្ចូលព្រះនាមជាផ្លូវការ ក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីអង្គទី ១៦ និងជាព្រះប្រមុខរដ្ឋសម្រាប់រយៈពេល ០៥ឆ្នាំ នៅក្នុងពិធីឡើងគ្រងរាជសម្បត្តិ ទៅតាមប្រពៃណីនៃសហព័ន្ធម៉ាឡេស៊ី។ ពិធីឡើងគ្រងរាជ្យ នេះក៏មានការចូលរួមផងដែរពីព្រះអគ្គមហេសីរបស់ទ្រង់ព្រះនាម ទុនគូ អ៊ីស្កាន់ដារីយ៉ាហ៍ (Tunku Azizah Aminah Maimunah Iskandariah) និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ៧០០អង្គ-នាក់។
គួរបញ្ជាក់ថា ព្រះចៅស៊ូលតង់ Abdullah បានក្លាយជាព្រះចៅស៊ូលតង់ (ស្តេចត្រាញ់) នៃរដ្ឋ Pahang កាលពីថ្ងៃទី១៥ ខែមករា ដោយសោយរាជ្យបន្តព្រះបិតារបស់ទ្រង់ ហើយនៅថ្ងៃទី២៤ ខែមករាដដែល ព្រះអង្គបានជាប់ឆ្នោតជាព្រះមហាក្សត្រម៉ាឡេស៊ីទី ១៦ ក្នុងកិច្ចប្រជុំពិសេសមួយនៃព្រះចៅស៊ូលតង់ម៉ាឡេស៊ី ព្រមទាំងស្បថឡើងគ្រងរាជ្យនៅថ្ងៃទី៣១ ខែមករា (តែមិនទាន់ពេញសិទ្ធិមែនទែន)។ ព្រះចៅស៊ូលតង់ Abdullah បានឡើងគ្រងរាជ្យសម្បត្តិ បន្ទាប់ពីព្រះចៅស៊ូតង់នៃរដ្ឋ ខេឡេនតាន់ (Kelantan) ព្រះនាម មូហាំម៉េដទី ៥ (Muhammad V) ប្រកាសដាក់រាជ្យកាលពីក្នុងខែមករា ឆ្នាំ២០១៩ ដោយសាររឿងអាស្រូវមួយ៕