(វ៉ាស៊ីនតោន)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះបានបង្ហោះសារយ៉ាងខ្លីដូច្នេះថា «បើទោះបីជាអ៊ីរ៉ង់ មិនដែលឈ្នះសង្គ្រាមក៏ដោយ ក៏របបសាធារណៈរដ្ឋអ៊ីស្លាមមួយនេះ មិនដែលចាញ់ក្នុងកិច្ចចរចាដែរ»។ នេះបើតាមសារព័ត៌មាន Sputnik ចុះផ្សាយនៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍ខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបង្ហោះនៅលើ Twitter កាលពីថ្ងៃចន្ទម្សិលមិញនេះដែរថា អ៊ីរ៉ង់មិនអនុញ្ញាតឱ្យលោកបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់នោះទេ។ លោករដ្ឋមន្ត្រីការបទេស អាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានដាក់សំណើរបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់... ប៉ុន្តែរបបដឹកនាំអ៊ីរ៉ង់មិនបានទទួលយកសំណើរបស់ខ្ញុំនោះទេ»។
គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ត្រាំ បានសារភាពថា «វាកាន់តែពិបាកសម្រាប់ខ្ញុំ ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់»។ សារបែបនេះហាក់បីដូចជាលោក ចង់សំដៅទៅការបង្កើតកិច្ចព្រមព្រៀងថ្មី ដើម្បីជំនួសកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ដែលអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងមហាអំណាចធំៗដូចជា ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ ព្យាយាមសម្រេចឲ្យបាន ដើម្បីបញ្ចប់មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់នោះ។
ចំណែកឯភាគីអ៊ីរ៉ង់ តាមរយៈលោកប្រធានាធិបតី ហាស្សាន រួហានី ក៏តែងតែបង្ហាញពីឆន្ទៈរបស់ខ្លួន ចង់ចរចាជាមួយរដ្ឋបាលក្រុងវ៉ាស៊ីនតោនដែរ ប៉ុន្តែក្នុងលក្ខណដែលអាមេរិក ព្រមដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ជាមុនសិន។ លោក រួហានី ក៏ធ្លាប់បានបញ្ជាក់ថា អ៊ីរ៉ង់បានផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនពី «ការអត់ធ្មត់» ទៅជា «សកម្មភាពឆ្លើយតបវិញ» ហើយអ៊ីរ៉ង់នឹងឆ្លើយតបរាល់ជំហ៊ានរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន ដែលទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
គួរជម្រាបផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមវិវឌ្ឍន៍ ទៅរកភាពតានតឹងខ្លាំងឡើងៗជាមួយគ្នាម្តងទៀត ក្រោយពេលដែលលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨ ហើយភាពតានតឹងនេះកាន់តែឡើងកម្ដៅទ្វេឡើង បន្ទាប់ពីយោធាអ៊ីរ៉ង់ បាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកមួយគ្រឿង កាលពីខែមិថុនាកន្លងទៅ។ ដោយឡែកបញ្ហាសន្តិសុខនៅច្រកសមុទ្រដឹកប្រេងអន្តរជាតិ គឺកំពុងតែធ្វើឲ្យអន្តរជាតិទាំងមូលព្រួយបារម្ភផងដែរ៕