(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជាបន្ទាន់ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជាលើកទី ២ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ស្រួលបួលផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមយ៉ុនហាប់ កិច្ចប្រជុំបន្ទាន់ខាងលើនឹងត្រួវដឹកនាំដោយនាយកការិយាល័យសន្តិសុខ ជាតិកូរ៉េខាងត្បូងលោក ជុង អ៊ុយយ៉ុង (Chung Eui-yong)។ កិច្ចប្រជុំនេះត្រូវបានប្រកាសធ្វើឡើងភ្លាមៗ បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន ០២គ្រាប់ចេញពីតំបន់តែមួយ ដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់កាលពីសប្ដាហ៍មុន។
មីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញនៅម៉ោង ៥៖០៦នាទីព្រឹក និងម៉ោង ៥៖២៧នាទីព្រឹកថ្ងៃពុធនេះ ចេញពីទីក្រុងវ៉ុនសាន (Wonsan) ដោយវាហោះបានចំងាយចន្លោះពី ២៤០គីឡូម៉ែត និង ៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។ ក្រុមអ្នកតាមដានបានអះអាងថា គ្រាប់មីស៊ីលកូរ៉េខាងជើងទើបបាញ់ថ្មីៗទៀតនេះ គឺជាប្រភេទថ្មី ដែលមិនធ្លាប់មាននរណាស្គាល់នោះឡើយ។
គួរជម្រាបថា សហរដ្ឋអាមេរិកបានទទួលដំណឹង ពីការធ្វើតេស្ដមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង នេះហើយ ប៉ុនែ្តមីស៊ីលរយៈចំងាយខ្លីនេះត្រូវបានលោក ដូណាល់ ត្រាំអះអាងថា មិនមែនជាសកម្មភាពបង្ករឿងនោះទេ។ ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ក៏បានបញ្ជាក់ដែរថា នឹងឃ្លាំមើលស្ថានភាពបច្ចុប្បន្នយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈរដ្ឋាភិបាលទីក្រុងតូក្យូ កំពុងស្វែងស្វះធ្វើយ៉ាងណាឱ្យមានកិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ បើទោះជាទីក្រុងព្យងយ៉ាងបានបាញ់សាកល្បងមីស៊ីលជាថ្មីក៏ដោយ៕