(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃពុធសប្តាហ៍នេះបាននិយាយថា លោកកំពុងរំពឹងថា នឹងអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសព្វាវុធថ្មី រវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

នៅថ្ងៃពុធដដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងចេញផុតជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF នៅដើមខែសីហាខាងមុខនេះ ហើយសន្ធិសញ្ញាស្តីពីសព្វាវុធមួយទៀតហៅថា New START ក៏ទំនងជានឹងមិនត្រូវពន្យារសុពលភាពដែរ។

គួរជម្រាបថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខារវាងអាមេរិក និងសហភាពសូវៀត (រុស្ស៊ី) កាលពីឆ្នាំ១៩៨២។ តាមរយៈការចោទប្រកាន់ថា រុស្ស៊ីបានរំលោភសន្ធិសញ្ញានេះ អាមេរិកបានចាប់ផ្តើមនីតិវិធីដកខ្លួនចេញ កាលពីខែកុម្ភៈកន្លងទៅ ហើយដំណើរការនេះនឹងចប់ជាស្ថាពរនៅថ្ងៃទី០២ ខែសីហាខាងមុខនេះហើយ។ រីឯសន្ធិសញ្ញា New START គឺនឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២១ ដោយវាគឺជាសន្ធិសញ្ញាស្តីពីការគ្រប់គ្រងសព្វាវុធ តែមួយគត់នាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ៕