(ឡុងដ៍)៖ រុស្ស៊ីបានរិះគន់ចក្រភពអង់គ្លេសដែលបានចេញប្រតិកម្ម ជុំវិញចំណាត់ការរបស់អាជ្ញាធរទីក្រុងម៉ូស្គូ ក្នុងការចាប់ខ្លួនអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយគ្មានច្បាប់អនុញ្ញាតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី TASS នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងដ៍ នាថ្ងៃចន្ទដើមសប្តាហ៍នេះបានលើកឡើងថា «អង់គ្លេសពុំបានធ្វើការវាយតម្លៃស្ថានការណ៍ ដោយឈរលើកត្តាសត្យានុម័ត ឥតលម្អៀងនោះឡើយ។ ហេតុនេះ ស្ថានទូតសូមចង្អុលប្រាប់ទីក្រុងឡុងដ៍ថា សកម្មភាពប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៧ ខែកក្កដា គឺជាទង្វើខុសច្បាប់។ ស្ថានទូតរុស្ស៊ីបានបញ្ជាក់ថា អ្នកតវ៉ាជាច្រើននាក់ត្រូវបានចាប់ខ្លួន ព្រោះតែការប្រព្រឹត្តបទល្មើស ហើយពុំមានប្រជាជនណាម្នាក់ខ្ពស់ជាងច្បាប់ ឬមានការលើកលែងឡើយ»។
កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកនាំពាក្យការិយាល័យកិច្ចការបរទេសអង់គ្លេស បានបញ្ចេញប្រតិកម្មថា អង់គ្លេសមានក្តីបារម្ភជុំវិញការចាប់ខ្លួនបាតុករជាងមួយពាន់នាក់ កាលពីខែថ្ងៃទី២៧ ខែកក្កដា។ បើតាមអ្នកនាំពាក្យរូបនោះ ចំណាត់ការនេះស្តែងឲ្យឃើញថា រដ្ឋាភិបាលរុស្ស៊ីនៅតែបន្តជាន់ឈ្លីសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការប្រមូលផ្តុំគ្នា ដោយអហិង្សារបស់ប្រជាជនរុស្ស៊ី ដូច្នេះទីក្រុងឡុងដ៍សូមទទូចឲ្យទីក្រុងម៉ូស្គូគោរព និងប្រតិបត្តិតាមការប្តេជ្ញារបស់ខ្លួន ចំពោះអន្តរជាតិស្តីអំពីបញ្ហាសិទ្ធិមនុស្ស។
គួរជម្រាបថា អាជ្ញាធររុស្ស៊ីបានចាប់ឃុំខ្លួនមនុស្សជាង ១,០០០នាក់ ដោយសារបានចូលរួមក្នុងការតវ៉ាមួយ ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ នៅឯកណ្តាលទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈក្នុងចំណោមនោះក្រុមអ្នកតវ៉ាជាង ៦០០នាក់ មិនមែនជាអ្នករស់នៅក្នុងរដ្ឋធានីរបស់រុស្ស៊ីនេះឡើយ ខណៈជិត ៣០០នាក់ទៀត ត្រូវចាប់ខ្លួនដោយសារបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ។
បើតាមប្រភពពីប៉ូលិសរុស្ស៊ី មនុស្សសរុបជាង ៣,៥០០នាក់បានចូលរួមបាតុកម្មនោះ។ នៅមុនការធ្វើបាតុកម្ម អាជ្ញាធរុស្ស៊ីក៏បានព្រមានរួចស្រេចផងដែរថា ក្រុមបាតុករនឹងត្រូវប្រឈមមុខផ្លូវច្បាប់ បើសិនពួកគេប្រព្រឹត្តបទល្មើសណាមួយ៕