(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន បានប្រកាសថានឹង ក្រុមយន្តហោះចម្បាំង F-35 របស់ខ្លួន នឹងអាចបន្តធ្វើប្រតិបត្តិការជាធម្មតា ឡើងវិញបានហើយ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយត្រូវបញ្ឈរជើងជាបណ្តោះអាសន្ន ចាប់តាំងពីមានមួយគ្រឿងធ្លាក់កាលពីខែមេសាកន្លងទៅ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
ការធ្វើប្រតិបត្តិការរបស់យន្តហោះចម្បាំង F-35 នៅក្នុងប្រទេសជប៉ុន ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពីយន្តហោះចម្បាំង ដ៏ទំនើបនេះមួយគ្រឿង បានធ្លាក់ចូលសមុទ្រកាលពីថ្ងៃទី០៩ ខែមេសាកន្លងទៅ។ បើតាមក្រសួងការពារជាតិជប៉ុន មូលហេតុនៃ ការធ្លាក់ គឺមកពីកត្តាពីឡុត ដែលទំនងជាវង្វេងស្មារតី មិនអាចស្ទង់ដឹងពីរយៈកម្ពស់ ល្បឿន និងទីតាំងដែលយន្តហោះ របស់ខ្លួន ស្ថិតនៅបាន ទើបនាំឲ្យមានឧបទ្ទវហេតុនេះ។
ក្រសួងការពារជាតិជប៉ុន បានបកស្រាយថា ពីឡុតរបស់យន្តហោះចម្បាំង F-35 ដែលធ្លាក់ នៅតែធ្វើការទាក់ទងជាមួយក្រុមការ ងារនៅលើផ្ទៃដីជាធម្មតាដដែល តែប៉ុន្មានវីនាទីប៉ុណ្ណោះមុនការធ្លាក់។ ប្រការនេះបានបង្ហាញថា ពីឡុតរូបនោះ មិនបានដឹងថា យន្តហោះរបស់ខ្លួន កំពុងសំដៅទៅរកផ្ទៃសមុទ្រឡើយ។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន ពីឡុតម្នាក់នោះ មានឈ្មោះថា Hosomi Akinori អាយុ៤១ឆ្នាំ និងមានបទពិសោធន៍ហោះហើរដល់ទៅ៣,២០០ម៉ោង។
គួរជម្រាបថា យន្តហោះចម្បាំង F-35 នោះ គឺជាមួយគ្រឿងដំបូងគេ ដែលត្រូវបានដំឡើងនៅប្រទេសជប៉ុន ហើយវាស្ថិតក្នុង ចំណោមយន្តហោះចម្បាំងសរុប១៣គ្រឿង ដែលត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការ នៅក្នុងជួរកងស្វ័យការពារអាកាសជប៉ុន៕