(ម៉ូស្គូ)៖ បើទោះជាមានសេចក្ដីរាយការណ៍ថា កិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងធ្វើឡើងជាថ្មីនៅក្នុងពេលឆាប់ៗនេះក៏ដោយ ក៏យោធា និងអ្នកនយោបាយអាមេរិកហាក់មិនចង់បាន សន្ធិសញ្ញាសន្តិភាពពិតប្រាកដ សម្រាប់តំបន់ឧបទ្វីបកូរ៉េនោះទេ។ នេះបើតាមលោក ធីម បៀល (Tim Beal) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
អ្នកជំនាញផ្នែកនយោបាយអន្តរជាតិមួយរូប គឺលោក Tim Beal និងជាសាស្ត្រាចារ្យ ព្រមទាំងអ្នកនិពន្ធសៀវភៅមួយដែលមានចំណងជើងថា វិបត្តិនៅកូរ៉េ ឬ Crisis in Korea ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក Tim Beal បានគូសបញ្ជាក់យ៉ាងដូច្នេះថា «និយាយតាមត្រង់ទៅ អ្នកនយោបាយ និងយោធាអាមេរិកមិនចង់បានសន្ធិសញ្ញាសន្តិភាព ជាអចិន្ត្រៃយ៍សម្រាប់ឧបទ្វីបកូរ៉េនោះឡើយ... ប៉ុន្តែផ្ទុយទៅវិញពួកគេចង់រក្សាភាពតានតឹងនៅក្នុង តំបន់ឱ្យនៅដដែល ដើម្បីរក្សាវត្តមានយោធា និងយុទ្ធសាស្ត្ររបស់ខ្លួនទប់ទល់ជាមួយចិន និងរុស្ស៊ី ក៏ដូចជាឃ្លាំមើលជប៉ុនផងដែរ...»។
គួរជម្រាបថា កាលពីថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីជាថ្មី និងជាលើកទី ២ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ស្រួលបួលផង។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកអះអាងថា ការបាញ់សាកល្បងនេះមិនបានរំលោភលើពាក្យសន្យារបស់លោក គីម ជាមួយលោក ត្រាំ នោះទេ បើទោះជាទីក្រុងព្យុងយ៉ាងបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលនេះគឺជាការបង្ហាញការ ខឹងសម្បារចំពោះគម្រោងធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងខែសីហានេះក៏ដោយ៕